ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី អំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នា «បញ្ចប់ភាពអត់ឃ្លាន ដោយសម្រេចឱ្យបាននូវសន្តិសុខស្បៀង» នៅកម្ពុជា


ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នា «បញ្ចប់ភាពអត់ឃ្លាន ដោយសម្រេចឲ្យបានសន្តិសុខស្បៀង ធ្វើឲ្យប្រសើរឡើង ស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្ម ប្រកបដោយចីរភាព» នៅកម្ពុជា។

ការអំពាវនាវយ៉ាងដូច្នេះ ក្នុងឱកាសដែល ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី អញ្ជើញជាអធិបតីភាព ក្នុងវេទិកាយុវជនជើងឯកអាហារូបត្ថម្ភ ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកស្រី ហ្គឺនេត កូត នាយកអង្គការ HKI ប្រចាំកម្ពុជា និងជាតំណាងអង្គការសង្គមស៊ីវិល ដើម្បីអាហារូបត្ថម្ភកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ។

ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធ ពិសេសក្មួយៗយុវជនជើងឯកអាហារូបត្ថម្ភទាំងអស់ សូមបន្តកិច្ចសហការ និងចូលរួមជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដើម្បីយើងរួមគ្នាបញ្ចប់ភាពអត់ឃ្លាន, សម្រេចឲ្យបានសន្តិសុខស្បៀង ធ្វើឲ្យប្រសើរឡើង ស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចិរភាព នៅកម្ពុជា»។

លើសពីនោះទៀត ឧបនាយករដ្ឋមន្ដ្រី បានអំពាវនាវដល់ក្មួយៗ យុវជនជើងឯកអាហារូបត្ថម្ភទាំងអស់ បន្តយកចិត្តដាក់ទទួលទានអាហារចម្រុះមុខ ដែលមានអាហារ រូបត្ថម្ភល្អ។ ក្នុងនាមក្មួយៗយុវជនជាមូលធនមនុស្សសម្រាប់បន្តវេន ក្នុងការថែរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិ អាហារចម្រុះមុខដែលមានអាហាររូបត្ថម្ភល្អ នឹងផ្តល់ថាមពលដល់រាងកាយ ការពារពីជំងឺ និងជួយដល់សុខភាព ធ្វើឲ្យរៀនពូកែ និងគិតគូរអ្វីផ្សេងៗបានល្អសម្រាប់អនាគតរបស់ខ្លួន។

ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យតម្លៃខ្ពស់ជាទីបំផុត ដល់យុវជនយើងគ្រប់រូប ដែលពួកគេគឺជាសសរទ្រូង ប្រទេសជាតិ ជាបុគ្គលដែលអាចធ្វើឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតក្នុងសង្គម ដើម្បីឈានទៅរកការអភិវឌ្ឍសង្គមជាតិយើង។ យុវជនគឺជាវ័យមួយ ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស ទាំងរូបរាងកាយ បញ្ញាស្មារតី និងជាធនធានមួយដ៏សំខាន់ របស់ប្រទេសជាតិ។

ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានគូសបញ្ជាក់ថា ការចូលរួមយ៉ាងសកម្មរបស់យុវជន គឺជាចលករធ្វើឲ្យសង្គម ជាតិរីកចម្រើនរុងរឿង ហើយយុវជនដើរតួនាទី ជាទំពាំង ស្នងឫស្សីនៅក្នុងសង្គមជាតិ។ យុវជនគឺប្រៀបបានទៅនឹងសរសៃឈាម របស់ប្រទេសជាតិយុវជនគឺជាឈាមថ្មីខ្លាំង មានរាងកាយមាំមួន សុខភាពរឹងមាំ ស្មារតីមោះមុត និងមានការ សិក្សាជ្រៅជ្រះ មានចក្ខុវិស័យទូលំទូលាយ និងមានការត្រិះរិះពិចារណាប្រកបដោយ វិចារណញ្ញាណ ដែលផ្តល់ផលប្រយោជន៍ដល់គ្រួសារ និងសង្គមជាតិ។

គូសបញ្ជាក់ថា វេទិកាយុវជនជើងឯកអាហារូបត្ថម្ភ ឆ្នាំ២០២០ រៀបចំឡើងដោយ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សហការជាមួយអង្គការជាដៃគូអភិវឌ្ឍន៍ ក្នុងគោលបំណង ដើម្បីទទួលបានការគាំទ្រពីភាគីពាក់ព័ន្ធ ដល់សកម្មភាពយុវជនទៅលើអាហារូបត្ថម្ភ និងសន្តិសុខស្បៀង នៅកម្ពុជា៕