ឯកឧត្តម ថោ ជេដ្ឋា បានដឹកនាំមន្ត្រីបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះពិនិត្យស្រូវវស្សារងការខូចខាតដោយគ្រោះរាំងស្ងួត


នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ និងជាប្រធានមុខព្រួញទទួលបន្ទុកខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ រួមជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ បានចុះពិនិត្យស្រូវវស្សារងការខូចខាតដោយគ្រោះរាំងស្ងួត មានទីតាំងនៅឃុំអញ្ចើម ស្រុកត្បូងឃ្មុំ តាមការពិនិត្យ និងវាយតម្លៃជាក់ស្តែងការខូចខាតមានដូចខាងក្រោម ៖
-ស្រូវស្រាលលើកទី១ចំនួន ៥៧៥ហិកតា បានជួបគ្រោះរាំងស្ងួតមិនមានការលូតលាស់ក្រិនឡើងពណ៌ក្រហមខូចខាតទាំងស្រុង មានចំនួន១៣ភូមិក្នុងចំនួនសរុប២២ភូមិ ក្នុងឃុំអញ្ចើម
-នៅទីតាំងខូចខាតខាងលើមិនមានប្រភពទឹកបូមសម្រាប់ជួយសង្រ្គោះស្រូវបានទេ ដោយពឹងផ្អែកលើទឹកភ្លៀងទាំងស្រុង កន្លងមកភូមិ ឃុំ និងមន្ទីរធ្លាប់បានជូនដំណឹងដល់បងប្អូនកសិករឲ្យបន្ថយការដាំដុះស្រូវព្រោះត្រូវការទឹកច្រើន ដោយបង្វែរមកដាំដំណាំរួមផ្សំជំនួសវិញប្រើប្រាស់ទឹកតិច។
-ចំពោះស្ថានភាពទឹកស្រោចស្រពក្រោយពីសាបព្រោះលើកទីពីរ គឺរំពឹងទៅលើទឹកភ្លៀង ដោយពេលវេលានេះស្ថិតនៅពាក់កណ្តាលរដូវវស្សា ហើយដូចនេះទឹកភ្លៀងអាចនឹងមានធ្លាក់ជាបន្តបន្ទាប់ធ្វើឲ្យស្រូវព្រោះលើកទី២មានការលូតលាស់បាន។
-អំពីស្ថានភាពទឹកភ្លៀងពីដើមឆ្នាំមកដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ មានចំនួន៥១២,១ មម នៅពេលវេលាដូចគ្នាឆ្នាំ២០១៩ មានចំនួន ៨៣២,៥ មម ដែលច្រើនជាងឆ្នាំ២០២០ ចំនួន ៣២០,៤ មម។
-អំពីការងារបង្កបង្កើនផលស្រូវវស្សាគិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ អនុវត្តបានចំនួន ៧០.១៥០ហិកតា
ស្មើ ៩០,៦៥% នៃផែនការ ចំនួន ៧៧.៣៨០ហិកតា ។
-តាមការវាយតម្លៃស្ថានភាពទឹកស្រោចស្រពស្រូវវស្សានៅគ្រប់៧ក្រុង ស្រុក រហូតមកដល់ពេលនេះ មិនទាន់មានគ្រោះខ្វះទឹកនៅឡើយទេ ក្រៅពីតំនប់រងគ្រោះខាងលើនេះ។
-វិធានការដំណោះស្រាយចំពោះមុខ តាមការពិនិត្យ និងសំណូមរបស់លោកមេឃុំអញ្ចើម សុំស្តារត្រពាំង ០១កន្លែង ដែលបច្ចុប្បន្នបាត់បង់តួនាទីទាំងស្រុងមិនអាចផ្ទុកទឹកបានទេ មានទំហំផ្ទៃដីជាង ៤ហិកតា មានឈ្មោះថាត្រពាំងសាលា និងស្តារប្រឡាយ ០១ខ្សែប្រវែង ២គីឡូម៉ែត្រ មានទីតាំងនៅភូមិកំពែងឃុំអញ្ចើម ៕