ក្រសួងសាធារណការ និងដឹកជញ្ជូនបើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាងស្តីពីការរៀបចំកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំ រំកិល២០២១-២០២៣ មុននឹងដាក់ឆ្លងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំនៅទីស្តីការ គណៈរដ្ឋមន្ត្រី


ភ្នំពេញ៖ ថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងស្តីពីការរៀបចំកម្មវិធីវិនិយោគ សាធារណៈ៣ឆ្នាំរំកិល២០២១-២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាព និងមន្ត្រីជំនាញ ពាក់ព័ន្ធ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា កែសម្រួល និងប្រមូលធាតុចូលបន្ថែមពីអង្គប្រជុំដើម្បីជាមូលដ្ឋានអាចឱ្យអគ្គនាយកដ្ឋានផែនការ និងគោលនយោបាយធ្វើការកែសម្រួលសេចក្ដីព្រាងនេះ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងកម្មវិធីនិងគោលនយោបាយរបស់ក្រសួង ក៏ដូចជា រាជរដ្ឋាភិបាល មុននឹងដាក់ឆ្លងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំនៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ខាងមុខ។
ឯកឧត្ដមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីកាតព្វកិច្ចប្រកបដោយការទទួលខុសត្រូវរបស់រាជរដ្ឋា ភិបាលក្នុងការអនុវត្តកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល២០២១-២០២៣ ដែលជាគម្រោងវិនិយោគ សាធារណៈ ដែលក្នុងនោះក្រសួង-ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាលជាសេនាធិការមានភារកិច្ចអនុវត្ត គម្រោងនេះឱ្យមានប្រសិទ្ធភាពបំផុតដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរាជរដ្ឋាភិបាល ដូចមានចែង នៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។
ឯកឧត្ដមអនុរដ្ឋលេខាធិការបានសម្ដែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គ ប្រជុំដែលបានចូលរួមផ្ដល់មតិយោបល់ និងបទពិសោធន៍ល្អៗ សំដៅជំរុញឱ្យការពិនិត្យ និងការកែ សម្រួលការងាររៀបចំកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១-២០២៣ បានបញ្ចប់ដោយរលូន៕