ឯកឧត្តម សាយ សំអាល់ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ


នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពិនិត្យពិភាក្សាលើសកម្មភាព និងលទ្ធផលការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបាននិងកំពុងដឹកនាំធ្វើប្រតិបត្តិការដោយគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មការជាតិ និងមន្ត្រីរាជការពាក់ព័ន្ធ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតីក្នុងការខិតខំប្រឹងប្រែងអនុវត្តយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបធនធានធម្មជាតិ ហើយបានគូសបញ្ជាក់អំពីកំណែទម្រង់ស៊ីជម្រៅនៅក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិរបស់រាជរដ្ឋាភិបាល ជាពិសេសការបន្តអនុវត្តបទបញ្ជាលេខ០១ ដែលមិនផ្តល់សម្បទានដីសេដ្ឋកិច្ចថ្មី បន្តដោះស្រាយបញ្ហាទំនាស់ដីធ្លី និងបន្តទប់ស្កាត់ បង្ក្រាប និងលុបបំបាត់បទល្មើសធនធានធម្មជាតិ ជាពិសេសព្រៃឈើ ក៏ដូចជាបង្កើនប្រសិទ្ធភាពការពារ និងអភិរក្សធនធានធម្មជាតិ តាមរយៈការបង្កើតតំបន់ការពារធម្មជាតិថ្មីៗបន្ថែមទៀត និងរបៀងអភិរក្សជីវៈចម្រុះ និងដោយមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ។ ឯកឧត្តមបានក្រើនរំលឹកឱ្យសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ គោលការណ៍នានារបស់រាជរដ្ឋាភិបាល ជាពិសេសសារាចរណែនាំលេខ០៥ ស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីធានាប្រសិទ្ធភាពគ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិ ហើយទន្ទឹមនឹងនោះ ក៏បានជំរុញឱ្យបង្កើនការយកចិត្តទុកដាក់លើការងារលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន ដោយប្រើប្រាស់ប្រកបដោយនិរន្តរភាពនូវធនធានធម្មជាតិនៅក្នុងមូលដ្ឋាន ជាអាទិ៍ ការបង្កបង្កើនផល ការចិញ្ចឹមសត្វ និងសេវាកម្មទេសចរណ៍ធម្មជាតិ។