មន្ត្រីជំនាញវិស្វករសំណង់ ចុះត្រួតពិនិត្យនិងផ្ដល់យោបល់បច្ចេកទេស ដល់បងប្អូនប្រជាពលរដ្ឋដែលសាងសង់សំណង់ប៉ះពាល់ដីចំណីផ្លូវ


បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាបបានអបអរសាទរលើគម្រោងបើកការដ្ឋានសាងសង់ផ្លូវ ពីផ្លូវជាតិ លេខ០៦ ចំណុចពេទ្យធ្មេញសៀមរាប ឆ្ពោះទៅត្បូងដល់ផ្លូវ៧មករារួចមក នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ លោក ហែន ពុទ្ធី នាយករងរដ្ឋបាលសាលាខេត្តបានដឹកនាំក្រុមការងារចម្រុះ មន្ត្រីជំនាញវិស្វករសំណង់រដ្ឋបាលខេត្ត មន្ត្រីជំនាញវិស្វករសំណង់របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ត្រីជំនាញវិស្វករសំណង់រដ្ឋបាលក្រុង ចុះត្រួតពិនិត្យសំណង់ដែលសង់ប៉ះពាល់លើដីចំណីផ្លូវសារជាថ្មី និងផ្ដល់យោបល់បច្ចេកទេសដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវដែលគ្រោងនឹងបើកការដ្ឋានសាងសង់នាពេលដ៏ខ្លីខាងមុខនេះ គឺចាប់ពីចំណុចផ្លូវជាតិលេខ៦ ទៅត្បូងរហូតដល់ផ្លូវ៧មករា ប្រវែង ១០៣០ម៉ែត្រ ទទឹង ១៥ម៉ែត្រ ។

ផ្លូវនេះមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិស្លរក្រាម សង្កាត់ស្លរក្រាម និងភូមិវត្តបូព៌ា សង្កាត់សាលាកំរើក ក្រុងសៀមរាប គិតមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ ក្បាលដីដែលបានប៉ះពាល់មានចំនួន ៩៣ក្បាលដី និងសំណង់លើផ្លូវចំនួន ១០គ្រួសារ ជាលទ្ធផល បានសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋភាគច្រើន ដោយនៅសល់តែសំណង់ចំនួន ០៩គ្រួសារទៀតតែប៉ុណ្ណោះ ដែល មិនទាន់បានរុះរើ ហើយក្រុមការងារនឹងធ្វើការសម្របសម្រួលជាមួយម្ចាស់សំណង់ទាំងនេះបន្ថែមទៀត ដើម្បីឲ្យពួកគាត់យល់ព្រមរុះរើតាមគម្រោងផែនការដែលបានកំណត់ ហើយរដ្ឋបាលខេត្តបើកការដ្ឋាន នៅក្នុងខែសីហា ឆ្នាំ២០២០ នាពេលដ៏ខ្លីខាងមុខនេះតាមផែនការដែលបានគ្រោងទុក។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តបងប្អូនដែលរស់នៅតាមបណ្ដោយផ្លូវនេះនូវស្មារតីចូលរួមសហការ​ក្នុងការអនុវត្តបើកផ្លូវតាមទំហំដែលបានកំណត់ ដែលនេះជាសកម្មភាពគំរូរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងសៀមរាបក្នុងការចូលរួមគិតគូរពីផលប្រយោជន៍សាធារណៈ៕