ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសមពីសំណាក់គណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (China Road and Bridge Corporation) ប្រចាំនៅកម្ពុជា


ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅទីស្តី ការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Zhou Yong ដែលទើបទទួលការតែងតាំងជាអគ្គនាយកក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ប្រចាំកម្ពុជា ជំនួសលោក Zhan Jisheng ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួង។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះលោក Zhou Yong ដែលទើបទទួលបានការតែងតាំងជាអគ្គនាយក នៃក្រុមហ៊ុនCRBCប្រចាំកម្ពុជា និងបានថ្លែងការកោតសរសើរដល់ក្រុមហ៊ុន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយគាំទ្រដល់ក្រសួងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់នៅកម្ពុជា។
ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហការនិងទំនាក់ទំនងល្អ ជាមួយក្រសួងក៏ដូចជារាជរដ្ឋាភិបាល និងបង្កើនការវិនិយោគបន្ថែមទៀតដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជាឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀតសំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅប្រជាជនកម្ពុជាឱ្យសំបូរសប្បាយ។
លោក Zhou Yong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមទេសរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីឱ្យគម្រោងសាងសង់ទាំងឡាយសម្រេចបានជោគជ័យតាមផែនការ ដែលបានគ្រោងទុក៕