គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូររបស់កូរ៉េ


បន្តបណ្តុះបណ្តាលមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាលើការងារវាស់ស្ទង់ស្រទាប់ដី និងកម្រិតទឹក
ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា KOICA តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ KCHF បានសហការជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការជ្រើសរើសក្រុមប្រាសាទព្រះពិធូរមកធ្វើការអភិរក្សជួសជុល។ ក្នុងជំហានដំបូងគម្រោងនេះបានជ្រើសរើសយករានហាលនៃប្រាសាទកោរសក់ ដើម្បីធ្វើការជួសជុល ដែលនឹងត្រូវចំណាយពេលប្រមាណ៣ឆ្នាំ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨។
ទន្ទឹមគ្នានឹងការងារស្រាវជ្រាវ ចងក្រងឯកសារធ្វើការអភិរក្សជួសជុល គម្រោងនេះក៏បានផ្តោតការយកចិត្តទុកដាក់ខ្លាំងលើការងារបណ្តុះបណ្តាលមន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា។ ជាក់ស្តែង ពីថ្ងៃទី៣ ដល់ទី៩ ខែមីនា ឆ្នាំ២០១៧នេះ វគ្គបណ្តុះបណ្តាលស្តីពីការវាស់ស្ទង់ស្រទាប់ដីជំហានទី២ ត្រូវបានរៀបចំឡើងដល់បុគ្គលិកជំនាញចំនួន១០រូបបន្តទៀត។
អ្នកគ្រប់គ្រងគម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរ លោក Kim Jiseo បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដើម្បីបំប៉នសមត្ថភាព ដល់មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ក្នុងន័យរួមចំណែកអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យអភិរក្ស។ “យើងបានរៀបចំវគ្គបណ្តុះបណ្តាលជាច្រើនប្រភេទ ទាំងរយៈពេលខ្លី និងរយៈពេលវែង។ នៅទីនេះ យើងបានបណ្តុះបណ្តាលលើការងារវាស់ស្ទង់ស្រទាប់ដី និងសិក្សាពីកម្រិតទឹក ដែលមានជុំវិញរចនាសម្ព័ន្ធប្រាសាទ។ ទៅខាងមុខទៀត យើងនឹងបណ្តុះបណ្តាលអំពីរបៀបមើលថ្ម និងបញ្ហាផ្សេងៗដែលកើតមានចំពោះថ្មប្រាសាទ។ យើងត្រូវការប្រុងប្រយ័ត្នខ្ពស់ក្នុងកិច្ចការអភិរក្សជួសជុលប្រាសាទ ដែលជាបេតិកភណ្ឌពិភពលោក”។
លោក Jiseo បន្ថែមថា រយៈពេល៣ឆ្នាំនៃជំហានទី១នេះ អាចនឹងត្រូវចំណាយថវិកាប្រមាណជា៤លានដុល្លារសហរដ្ឋអាមេរិក ដោយរួមបញ្ចូលទាំងការចំណាយលើការបណ្តុះបណ្តាល ការទិញសម្ភារៈ មន្ត្រីជំនាញ និងបុគ្គលិកជាដើម។
សិក្ខាកាមមួយរូប ដែលមកពីនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ កញ្ញា ហាង សុច្ចរី ថ្លែងថា ការបណ្តុះបណ្តាលនេះគឺមានសារៈសំខាន់ណាស់សម្រាប់អ្នកជំនាញកម្ពុជាពីព្រោះកម្ពុជាជាប្រទេសមួយដែលមានប្រាសាទបុរាណច្រើនជាងគេជាពិសេសគឺនៅសៀមរាបនេះតែម្តង ហើយប្រាសាទបុរាណទំាងនោះមានមួយចំនួនធំមានភាពឌ្រុតទ្រោមដែលទាមទារឲ្យមានការជួសជុលឡើងវិញ។
កញ្ញាបានបញ្ជាក់ថា នៅវគ្គបណ្តុះបណ្តាលនេះកញ្ញាទទួលបានចំណេះដឹងច្រើនពាក់ព័ន្ធនិងប្រាសាទ ហើយកញ្ញាជឿជាក់ថា តាមរយៈបច្ចេកវិជ្ជាថ្មីៗយើងនឹងធ្វើយ៉ាងណាឲ្យបានល្អប្រសើរតាមគំរូដើមរបស់បុព្វបុរសយើង និងខិតខំថែរក្សាបេតិកភណ្ឌទំាងនេះឲ្យបានល្អប្រសើរ៕