ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អំពាវនាវអូស្ដ្រាលី ដាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យកសិកម្ម និងទេសចរណ៍ក្រោយពីជំងឺកូវីដស្ងប់ស្ងាត់


ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ប្រាប់ទៅទូតអូស្ត្រាលី អំពាវនាវឱ្យសហគ្រាសរបស់ខ្លួន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម និងទេសចរណ៍ក្រោយពីជំងឺកូវីដ-១៩ បានស្ងប់ស្ងាត់ទៅ។

ការអំពាវនាវដើម្បីកៀងគរឱ្យអ្នកវិនិយោគិនអូស្ត្រាលី មករកស៊ីនៅក្នុងប្រទេសកម្ពុជា ក្រោយវិបត្តិរាតត្បាតជំងឺកូវីដ-១៩ ស្ងប់ស្ងាត់នេះ បានធ្វើឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានអនុញ្ញាតឱ្យលោក ប៉ាប្លូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្រ្តាលី ជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួន នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានលើកឡើងទំនាក់ទំនងការទូតកម្ពុជា-អូស្ដ្រាលី បានភ្ជាប់តាំងពីឆ្នាំ១៩៥២ គឺមុនកម្ពុជាទទួលបាន ឯករាជ្យពីបារាំង។ តាំងពីនោះ មកអូស្ដ្រាលីតែងតែ បានផ្ដល់ជំនួយមកកម្ពុជាជារៀងរាល់ឆ្នាំ ព្រមទាំងផ្ដល់អាហារូបករណ៍ឱ្យនិស្សិត និងមន្ត្រីកម្ពុជាទៅសិក្សា និងកម្មសិក្សានៅអូស្ដ្រាលី។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានបញ្ជាក់ថា សព្វថ្ងៃក្នុងពេលដែលកម្ពុជា កំពុងទប់ស្កាត់ជំងឺកូវីដ-១៩ អូស្ដ្រាលីក៏បានផ្ដល់ជំនួយ៥០លានដុល្លារអូស្ដ្រាលី ដើម្បីទប់ទល់ជំងឺកូវីដនេះ ព្រមទាំងរថយន្ដពេទ្យ។ ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនថា កម្ពុជាសព្វថ្ងៃមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៧២ករណី សុទ្ធតែនាំចូលពីក្រៅ ហើយពុំមានការឆ្លងទៅ ក្នុងសហគមន៍ទេ ដោយសារការទប់ស្កាត់ដ៏មានប្រសិទ្ធភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការណែនាំផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន។

ទន្ទឹមនេះរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជំនួយជាង ១២៥លានដុល្លារអាមេរិក ជួយប្រជាជនក្រីក្រដោយសារជំងឺកូវីដ-១៩ ព្រមទាំងឧបត្ថម្ភដល់កម្មករ និងកម្មការិនីរាប់សែននាក់ ដែលកំពុងតែបាត់បង់ការងារក្នុងពេលជំងឺកូវីដ-១៩ ក្នុងមួយខែ៤០ដុល្លារអាមេរិក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកថា ប្រឈមនឹងការរាតត្បាតជំងឺកូវីដ-១៩ ទូទាំងពិភពលោក គួរតែសហគមន៍អន្ដរជាតិរួមគ្នាកំចាត់ជំងឺដ៏សាហាវនេះ។ ការរកឃើញវ៉ាក់សាំង សម្រាប់ការពារជំងឺកូវីដ-១៩ ត្រូវតែដើម្បីសុខភាពពិភពលោក មិនត្រូវមានការប្រជែងគ្នាខាងនយោបាយ ឬពាណិជ្ជកម្មទេ។

ឆ្លៀតឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអរគុណរដ្ឋាភិបាលអូស្ដ្រាលី ដែលបានជួយសម្រួលឱ្យប្រជាពលរដ្ឋខ្មែរនៅអូស្ដ្រាលី បានធ្វើសមាហរណកម្មទៅក្នុងសហគមន៍អូស្ដ្រាលី ដោយមានជីវភាពថ្លៃថ្នូរ។

ចំពោះទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-អូស្ដ្រាលី អតីតប្រមុខកាទូតកម្ពុជា រូបនេះបានលើកថា ពាណិជ្ជកម្មកម្ពុជា-អូស្ដ្រាលី នៅមានកម្រិតមិនសមស្រប និងសក្ដានុពល នៃប្រទេសទាំងពីរនៅឆ្នាំ២០១៩ មានត្រឹមតែ២៤៩លានដុល្លារ ដែលឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យជញ្ជីងពាណិជ្ជកម្មប្រទេសទាំងពីរ ឱ្យបានសកម្មជាងនេះ។

ទាក់ទងនឹងអាស៊ាន ឯកអគ្គរដ្ឋទូត លោក ប៉ាប្លូ កាង បានលើកថាឱ្យមានការថ្លឹងថ្លែងរវាងមហាអំណាច ហើយអូស្ដ្រាលីនៅតែគាំទ្រតួនាទីស្នូលរបស់អាស៊ាន និងលើកអំពីបញ្ហាសមុទ្រចិនខាងត្បូង ដែលចិនបានទាមទារអធិបតេយ្យភាពតំបន់មួយផ្នែកធំ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានវាយតម្លៃខ្ពស់ចំពោះអូស្ដ្រាលី ដែលបានគាំទ្រតួនាទីស្នូលរបស់អាស៊ានក្នុងនិម្មាបនកម្មតំបន់ ហើយទទូចឱ្យមានការគោរពតួនាទីស្នូលរបស់អាស៊ាន ដើម្បីសម្រុះសម្រួលឱ្យមានសន្ដិភាព សន្ដិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ដោយឡែក អំពីបញ្ហាសមុទ្រចិនខាងត្បូង ជាបញ្ហាទាមទារអធិបតេយ្យភាពរវាងប្រទេសសមាជិកអាស៊ានខ្លះ និងចិនគួរតែដោះស្រាយតាមការចរចាទ្វេភាគី។

ឆ្លើយតបនឹងឯកអគ្គរដ្ឋទូត, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន បានបញ្ចប់ហើយ។ ការចុះហត្ថលេខា នឹងប្រព្រឹត្តទៅនៅពេលខាងមុខ ហើយរដ្ឋាភិបាលចិនបានអញ្ជើញ សម្ដេចតេជោ ហ៊ុន សែន ជាអធិបតី។ កិច្ចព្រមព្រៀងនេះ នឹងផ្ដល់ឱ្យកម្ពុជានាំចេញផលិតផល ជាច្រើនថែមទៀត ទៅប្រទេសចិន ជាពិសេសអង្ករ និងកសិផលជាដើម ជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា បន្ដទៀតទោះជាមានជំងឺកូវីដ-១៩ ក៏ដោយ។

ឯកអគ្គរដ្ឋទូត បានលើកឡើងបន្តអំពីអូស្ដ្រាលី និងចិនមានជំនាញខាងប្រព័ន្ធស្រោចស្រពទឹក ដូច្នេះអាចធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឆ្លើយតបថា កម្ពុជាស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការត្រីភាគីនេះ និងរាល់កិច្ចសហប្រតិបត្តិការផ្សេងទៀត ជាពហុភាគី ដើម្បីកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេស៕