អភិបាលខេត្តព្រះវិហារ ណែនាំមន្ដ្រីជំនាញពាក់ព័ន្ធ ត្រូវគ្រប់គ្រងស្ថិតអ្នកធ្វើចត្តាឡីស័កឲ្យបានច្បាស់លាស់ និងបន្ដប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩


ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានជំរុញអភិបាលក្រុង ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវខិតខំគ្រប់គ្រងស្ថិតិ និងមុខសញ្ញា ដែលត្រូវដាក់នៅដាច់ដោយឡែក ព្រមទាំងវិធានការយកសំណាក ទៅធ្វើតេស្តរកលទ្ធផលជំងឺកូវីដ១៩ ឲ្យបានទាន់ពេលវេលា ពិសេសត្រូវបន្ដចុះណែនាំប្រជាពលរដ្ឋ មានស្មារតីប្រុងប្រយ័ត្ន អនុវត្តវិធានការសុខាភិបាលជាប់ជាប្រចាំ ដើម្បីការពារជំងឺកូវីដ១៩។

ការជំរុញរបស់ឯកឧត្តម ប្រាក់ សុវណ្ណ ធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ដែលមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីនាយក-នាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្តជាច្រើនរូប។

កិច្ចប្រជុំនេះដើម្បីពិនិត្យ និងស្តាប់របាយការណ៍របស់ ឯកឧត្តមអភិបាលរងខេត្ត និងលោកនាយករដ្ឋបាល ដែលបានបំពេញការងារចាប់ពីចន្លោះ កិច្ចប្រជុំគណៈអភិបាលខេត្តលើកមុន មកដល់កិច្ចប្រជុំលើកនេះ, ពិនិត្យ និងអនុម័តគម្រោងផែនការលទ្ធកម្ម និងគម្រោងថវិកា ប្រចាំឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត និងឆ្លងការតែងតាំងមន្ត្រីរាជការផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អភិបាលរងខេត្ត និងមន្ត្រីទាំងអស់ ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងបន្តខិតខំបំពេញតួនាទីភារកិច្ច ឲ្យបានសព្វជ្រុងជ្រោយ តាមការបែងចែកតួនាទី ភារកិច្ច ដែលបានប្រគល់ជូនបន្តក្តាប់នូវសភាពការណ៍ទូទៅក្នុងខេត្តលើគ្រប់វិស័យ ដើម្បីចូលរួមសហការ ដោះស្រាយឲ្យបានទាន់ពេលវេលា។ ជាពិសេស ក្នុងឱកាសឈប់សម្រាក ៥ថ្ងៃ នាពេលខាងមុខនេះត្រូវដាក់វេនប្រចាំការ ក្នុងន័យរក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ តាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ និងទប់ស្កាត់ ក្រុមបង្កចលាចលសង្គមតាមរូបភាពផ្សេងៗ។

ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សុវណ្ណ បានជំរុញឲ្យមានការដោះស្រាយ ទប់ស្កាត់ការកាប់រាន ទន្ទ្រាន ដីព្រៃ និងគ្រប់គ្រងស្ថានភាពឲ្យបានគ្រប់ទីតាំងទំនាស់ដីធ្លី ក្រែងជនឆ្លៀតឱកាស ធ្វើសកម្មភាពស្របពេលដែលមន្ត្រីរាជការឈប់សម្រាក។ លើសពីនេះទៀត ត្រូវត្រៀមឆ្លើយតបគ្រោះមហន្តរាយ ដោយសារទឹកជំនន់ ឲ្យបានទាន់ពេលវេលាស្រប ពេលរដូវវស្សា និងកំណើនជំនន់ទឹកភ្លៀងកាន់តែហក់ឡើងជារៀងរាល់ថ្ងៃ។

ជាពិសេសការងារ ដែលកំពុងប្រឈមខ្លាំងនាពេលនេះ គឺជំងឺកូវីដ១៩ ដែលថ្នាក់ដឹកនាំខេត្ត និងមន្រ្តីពាក់ព័ន្ធ ត្រូវណែនាំដល់អភិបាលក្រុង ស្រុក មន្ទីរជំនាញ ត្រូវខិតខំបន្តគ្រប់គ្រងស្ថិតិ និងមុខសញ្ញាដែលត្រូវដាក់ដោយឡែក ព្រមទាំងវិធានការយកសំណាកទៅធ្វើតេស្តរកលទ្ធផលជំងឺកូវីដ១៩ ឲ្យបានទាន់ពេលវេលា និងចុះណែនាំប្រជាពលរដ្ឋឲ្យមានស្មារតីប្រុងប្រយ័ត្ន អនុវត្តវិធានការសុខាភិបាលដោយរក្សាគម្លាត សុវត្ថិភាព ការអនាម័យដោយការលាងដៃ និងសាប៊ូ អាល់កុលជាប្រចាំ និងត្រូវអប់រំណែនាំ ទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងផ្សេងៗ ជាពិសេស ជំងឺគ្រុនឈីកផងដែរ៕