សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាស្នើអង្គការសហប្រជាជាតិ ពន្យារពេលផ្លាស់ប្តូរកងទ័ពមួកខៀវ ក្រោយឆ្លងកូវីដ១៩


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា កម្ពុជាបានស្នើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុំពន្យារពេលការផ្លាស់ប្ដូរកងកម្លាំងរក្សាសន្តិភាព នៅក្រៅប្រទេស បន្ទាប់ពីមានករណីឆ្លងវីរុសលើកងកម្លាំងមួកខៀវកម្ពុជា ដែលត្រឡប់ពីប្រទេសម៉ាលី។

ថ្លែងក្នុងកម្មវិធីដម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់ឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ សម្ដេចតេជោ បានបញ្ជាក់ថាកាលពីថ្ងៃសុក្រកន្លងទៅ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្ដេចបានប្រាប់ទៅ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឲ្យទាក់ទងទៅអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ដើម្បីធ្វើការពន្យារពេលការផ្លាស់ប្ដូរកងកម្លាំងមួកខៀវ។

សម្តេចបានបន្តថា យោងទៅលើរបាយការណ៍របស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីម្សិលមិញនេះ គឺតំណាងអចិន្ត្រៃយ៍របស់កម្ពុជា នៅអង្គការសហប្រជាជាតិ បានជួបអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកងកម្លាំងរក្សាសន្តិភាព ដោយភាគីកម្ពុជា បានលើកសំណើឲ្យមានការពន្យារពេលនៃការផ្លាស់ប្ដូរកងកម្លាំងរក្សាសន្តិភាព ព្រោះនៅពេលខាងមុខ អាចត្រូវដោះដូរកម្លាំងរហូតដល់ជាង៤០០នាក់ឯណោះ បើដូច្នោះហានិភ័យនៃការនាំចូលកូវីដ១៩ ពីប្រទេសក្រៅនៅតែខ្ពស់។

កម្ពុជាមានកងកម្លាំងរក្សាសន្តិភាពសរុបចំនួន៦៧៨នា ដែលកំពុងបំពេញបេសកកម្មមនុស្សធម៌ នៅប្រទេសចំនួន៤ ក្នុងនោះមានប្រទេសម៉ាលី ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្ដាល និងលីបង់ជាដើម។ នេះបើតាមការបញ្ជាក់របស់ លោកស្រី ម៉ា លីនដា អ្នកនាំពាក្យនៃមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព។

ទោះជាយ៉ាងនេះក្តី ក្នុងការផ្លាស់ប្ដូរកងកម្លាំងប៉ុន្មាន ៨នាក់កាលពីពេលថ្មីៗនេះ កម្ពុជាបានរកឃើញមានអ្នកផ្ទុកមេរោគកូវីត១៩ ព្រមទាំងបានធ្វើចត្តាឡីស័កលើអ្នកពាក់ព័ន្ធទាំងអស់ផងដែរ។

ជាមួយនឹងវិធានការការពារចំពោះការចម្លងកូវីដ១៩ តាមរយ:កងកម្លាំងមួកខៀវ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កងទ័ពកម្ពុជាដែលត្រូវជំនួសកងទ័ពនៅខាងក្រៅតាមរយៈអង្គការសហប្រជាជាតិត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅក្នុងប្រទេស ចំណែកកងទ័ពដែលមកពីក្រៅប្រទេសក៏ត្រូវធ្វើចត្តាឡីស័ក ក្នុងប្រទេសរយៈពេល ១៤ថ្ងៃផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថាកម្ពុជាមិនស្នើដើម្បីទុកកងទ័ពខ្លួននៅទីនោះរហូតទេ គ្រាន់តែស្នើសុំរក្សាពួកគាត់នៅទីនោះមួយរយៈ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានសុំការអធ្យាស្រ័យ និងយោគយល់ចំពោះប្រជាពលរដ្ឋខ្មែរ និងនិស្សិត ដែលជាប់គាំងនៅប្រទេសម៉ាឡេស៊ី ហើយរដ្ឋាភិបាលជួយឧបត្ថម្ភពួកគេនៅក្នុងប្រទេសនោះ។

សម្ដេចតេជោ ហ៊ុនសែន បានអំពាវនាវសុំការយោគយល់ពីកងកម្លាំងមួកខៀវកម្ពុជា ដែលកំពុងស្ថិតនៅក្រៅប្រទេសចំពោះការស្នើសុំពន្យារពេលការផ្លាស់ប្ដូរកងកម្លាំងមួកខៀវនៅអង្គការសហប្រជាជាតិ។ សម្ដេចក៏ស្នើសុំឲ្យមានការយោគយល់ពីសំណាក់ក្រុមគ្រួសារកងកម្លាំងមួកខៀវ រួមទាំងកងកម្លាំងដែលត្រៀមចេញទៅក្រៅប្រទេសផងដែរ៕