អភិបាលខេត្តកំពង់ធំ ដឹកនាំការដាំកូនឈើ ដើមក្ងោកអមសងខាងតាមដងផ្លូវដីឡូតិ៍លំនៅដ្ឋាន និងតំបន់រដ្ឋបាលក្នុងដីសម្បទានសង្គមកិច្ច (LADED II) ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក


កូនឈើប្រភេទ ដើមក្ងោក ចំនួន១២០០ដើម ត្រូវបានដាំលម្អនៅតាមសងខាងផ្លូវ ដីឡូតិ៍លំនៅដ្ឋាន និងតំបន់រដ្ឋបាលរបស់គម្រោងដីសម្បទានសង្គមកិច្ច (Lased II) ស្ថិតនៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ។

ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតី ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ក្នុងនោះក៏មានការចូលរួមពីថ្នាក់ដឹកនាំតាមមន្ទីរនានាជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនដែលមានលំនៅដ្ឋានក្នុងតំបន់ដីសម្បទានសង្គមកិច្ច(LASED II)។

ឯកឧត្តម សុខ លូ បានលើកឡើងថា ការដាំកូនឈើជាប្រភេទដើមផ្កាក្ងោក នៅអមសងខាងតាមដងផ្លូវនេះ បានធ្វើឱ្យមានសោភណ្ឌភាព ស្រស់បំព្រង។ ម្យ៉ាងទៀតក៏ដើម្បីប្រែក្លាយតំបន់នេះ ជាតំបន់ទេសចរណ៍ដល់សំខាន់មួយក្នុងស្រុកប្រាសាទបល្ល័ង្កយើងផងដែរ។

ឯកឧត្តមបានណែនាំ និងសំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរភូមិឃុំស្រុក ត្រូវរួមគ្នាថែរក្សាការពារសមិទ្ធដែលទទួលបានកន្លងមកនេះ ពិសេសរួមគ្នាដាំដើមក្ងោក និងថែរក្សា ដើម្បីបង្កើននូវសម្រស់សោភណ្ឌភាព និងជាម្លប់ដ៏ត្រជាក់នៅតំបន់នេះ ហើយក៏អាចទាក់ទាញភ្ញៀវនានានៅពេលខាងមុខផងដែរ។ លើសពីនេះ ឯកឧត្តមក៏បានជំរុញលើកទឹកចិត្ដដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្មតាមរយៈការដាំដុះបន្លែ បង្ការ ការចិញ្ចឹមសត្វ ជាដើមឱ្យបានច្រើន ដើម្បីជួយទ្រទ្រង់ ជីវភាពគ្រួសារឱ្យបានល្អប្រសើរ។

ឯកឧត្តមក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ដោយគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាលនិងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។

យោងតាមរបាយការណ៍របស់លោក យ៉ូវ សេងគុណ នាយករដ្ឋបាលសាលាខេត្ត បានបញ្ជាក់អំពីសកម្មភាពគាំទ្របន្តក្នុងឆ្នាំ២០២០ ក្នុងគម្រោងតំបន់ដីសម្បទានសង្គមកិច្ចនេះគឺ

ទី១. ផ្ទេរថវិកាចូលគណនេយ្យក្រុមទុនបង្វិល ដើម្បីគាំទ្រនូវជីវភាពរបស់សមាជិកក្រុមសន្សំលុយជាសម្បទាននិក។
ទី២. សិក្សារៀបចំប្រព័ន្ធស្រោចស្រពផ្នែកតូចសម្រាប់តំបន់ឡូដីកសិកម្ម ។
ទី៣ .ផ្ដល់វគ្គបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្ម ចិញ្ចឹមសត្វ ការបម្រែបម្រួលអាកាសធាតុ និងទីផ្សារកសិកម្ម ។
៤. ផ្ដល់វគ្គបណ្ដុះបណ្ដាលអំពីការប្រើប្រាស់ទឹកស្អាត និងការថែទាំអណ្ដូងស្នប់
៥. ផ្ដល់ការធ្វើបង្ហាញបច្ចេកទេសកសិកម្មចម្រុះ (ចិញ្ចឹមមាន់ ចិញ្ចឹមត្រីអណ្ដែង ដាំបន្លែ)ចំនួន ២១ បង្ហាញ បន្ថែមសម្រាប់សម្បទានិកដែលស្នាក់នៅអចិន្ត្រៃយ៍ និងមានចំណាប់អារម្មណ៍៕