ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ថ្លែងអំណរគុណ ចំពោះសារជូនពរថ្ងៃកំណើត


ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះសារជូនពរពីថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់នៅក្នុងថ្ងៃកំណើតរបស់ឯកឧត្តម។

តាមរយៈអង្គភាពព័ត៌មាន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍ថា «ខ្ញុំពិតជាមានបិតិសោមនស្សរីករាយ ជាអនេកកប្បការ ដោយបានទទួលនូវសារជូនពរ និងប្រសិទ្ធនូវសព្វសាធុការពរជ័យ សិរីមង្គលពីសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក និងលោកស្រី ក្នុងឱកាសខួបចម្រើនជន្មាយុរបស់ខ្ញុំនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះ»។

ទន្ទឹមនឹងការថ្លែងអំណរគុណ និងសម្តែងនូវក្តីបិតិសោមនស្សរីករាយហើយនោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ក៏បានសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំងទេវតាថែរក្សាចក្រវាឡតាមបីបាច់ថែរក្សា សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក និងលោកស្រីទាំងអស់ បានជួបតែសេចក្តីសុខ សេចក្តីចម្រើន និងប្រកបដោយព្រះពុទ្ធពរទាំងបួនប្រកា គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាប្រការ:ដទៃឡើយ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ជាថ្ងៃគម្រប់ជន្មាយុ ៧០ ឈានចូល ៧១ឆ្នាំរបស់ ឯកឧត្ដមកិតិ្ដនីតិកោសលបណ្ឌិត ប៊ិន ឈិន។ ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ថ្នាក់ដឹកនាំតាមក្រសួងស្ថាប័នជាតិ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទរបស់ឯកឧត្តមជាច្រើន បានធ្វើសារជូនពរឯកឧត្តម សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីបន្តបេសកកម្មដ៏ឧត្ដុង្គឧត្ដមក្នុងការចូលរួមដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ឲ្យឈានទៅរកការអភិវឌ្ឍ និងរីកចម្រើនជឿនលឿនទៅមុខជានិរន្តរ៍សម្រាប់សង្គមជាតិ និងមាតុភូមិកម្ពុជា៕