ខេត្តមណ្ឌលគិរីត្រៀមដី១០០ហិកតា សម្រាប់សាងសង់កន្លែងចាក់សំរាមថ្មី


ខេត្តមណ្ឌលគីរីត្រៀមដី១០០ហិកតាសម្រាប់សាងសង់កន្លែងចាក់សំរាមថ្មី ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ពិសេសរក្សាបាននូវសោភ័ណភាព មុខមាត់ខេត្តមណ្ឌលគីរី ដែលកំពុងលេចធ្លោរលើវិស័យទេសចរណ៍តាមបែបធម្មជាតិ ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា មកដល់ពេលនេះរដ្ឋបាលខេត្តបានត្រៀមដីជាង១០០ហិកតានៅជាយក្រុងដើម្បីបង្កើតជាកន្លែងចាក់សំរាមថ្មី ខណៈទីតំាងចាក់សំរាមចាស់ជិតពេញណែនហើយ។ ឯកឧត្តមបានអៈអាងថា ទីតំាងចាក់សំរាមថ្មីនេះ នឹងជួយលើកកម្ពស់មុខមាត់និងសោភ័ណទីក្រុងឲ្យកាន់តែស្រស់ស្អាតជាមុន ដោយមានកន្លែងចាក់សំរាមត្រឹមត្រូវ កាត់បន្ថយការចោលសំរាមពាសវាលពាសកាល។

ឯកឧត្តមបន្តថា សព្វថ្ងៃខេត្តមានអ្នកម៉ៅការ ប្រមូលសំរាមមានតែនៅក្នុងក្រុងសែនមនោរម្យ ដែលមានការប្រមូលសំរាមក្នុងមួយថ្ងៃ២ដង ហើយធ្វើឡើងនៅតាមទីប្រជុំជន និងតាមដងផ្លូវសាធារណៈក្នុងក្រុងតែប៉ុណ្ណោះ ។ ឯកឧត្តម បានបន្តថា ជាការដោះស្រាយបញ្ហាសំរាមនេះ អាជ្ញាធរទាមទារឲ្យមានការចូលរួម ទុកដាក់សំរាមឲ្យត្រឹមត្រូវពីពលរដ្ឋផងដែរ ពិសេសអាជីវករ រកស៊ីលក់ដូរក្នុងផ្សារនិងនៅក្រៅផ្សារ ធ្វើយ៉ាងណាជួយសម្អាតអនាម័យជាប្រចាំផង។ ឯកឧត្តម បានបន្តថា បរិស្ថានស្អាត គឺជាការទាក់ទាញ ភ្ញៀវទេសចរឲ្យមកកំសាន្តនៅខេត្តមណ្ឌលគីរី ម្តងហើយចង់មកម្តងទៀតជាមួយនឹងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ។

សំលេង ៖ « ឥឡូវនេះយើងគិតអំពីបរិស្ថាននេះ យើងបានគិតឱ្យតាមបណ្ដាស្រុកក៏ដូចជាឃុំធ្វើយ៉ាងម៉ិចយើងកំណត់ទីតាំងចាក់សំរាមឲ្យបាន ព្រោះថានេះជាការសំខាន់ណាស់ម៉ាស្រុកក៏មាន២០-៣០ ហិកតាសម្រាប់ទីតាំងចាក់សំរាម ហើយទីតាំងចាក់សំរាមមានហើយ យើងទៅជំរុញតាមឃុំត្រូវមាន១០-២០ហិកតាទៀតដើម្បីកំណត់ទីតាំងចាក់សំរាមបើមិនអញ្ចឹងទេការចាក់សំរាមពាសវាល ពាសកាលអាចនឹងប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋយើង »។

សួមបញ្ជាក់ថា ខេត្តមណ្ឌលគីរី ក្នុងមួយថ្ងៃប្រមូលសំរាមបានពី២ទៅ៣តោន។ជាមួយគ្នានេះរដ្ឋបាលខេត្តបានបំផុសឲ្យមានការចូលរួមពី សាធារណជន អាជីវករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្សបានចុះធ្វើអនាម័យជាបន្តបន្ទាប់នៅតាមដងផ្លូវ ដើម្បីលើកកម្ពស់សោភ័ណភាពខេត្តមណ្ឌលគីរី ឲ្យមានភាពស្អាតជាប់ជាប្រចាំ ៕