ភ្ញៀវទេសចរអរគុណអភិបាលខេត្តព្រះវិហារ ដែលធ្វើផ្លូវវាងឡើងភ្នំត្បែង មុនកាំជណ្តើរចាស់ទ្រុឌទ្រោមបាក់ស្រុតដោយសារទឹកហូរច្រោះ


រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមន្ត្រីរាជការ ប្រជាពលរដ្ឋឈប់សម្រាករយៈពេល៥ថ្ងៃសងថ្ងៃចូលឆ្នាំនោះ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានឱកាសនាំក្រុមគ្រួសារដើរលេងកំសាន្ត តាមតំបន់រមណីយដ្ឋាននានា នៅក្នុងប្រទេសយ៉ាងសប្បាយរីករាយ។

អ្វីដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជិតឆ្ងាយ ដែលបានឡើងលេងកំសាន្តលើខ្នងភ្នំត្បែងមានជយ័ មិនអាចបំភ្លេចបាននោះ គឺផ្លូវវាងមួយកន្លែងមានប្រវែងជិត២០០ម៉ែត្រ ត្រូវបាន ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ណែនាំឲ្យក្រុមការងារធ្វើការត្រួសត្រាយបណ្តោះអាសន្ន ជំនួសឲ្យកាំជណ្តើរឡើងភ្នំត្បែងចំនួន៥៩កាំ ដែលមានសភាពចាស់ទ្រុឌទ្រោម និងមានគម្រោងកសាងឡើងវិញ ក្នុងពេលឆាប់ៗនេះ។

ភ្ញៀវទេសចមួយរូប ក្នុងចំណោមភ្ញៀវទេសចរជាច្រើន បាននិយាយរៀបរាប់ឲ្យដឹងថា បើសិនជាអជ្ញាធរខេត្តព្រះវិហារ មិនមានវិធានការធ្វើផ្លូវវាងឡើងភ្នំត្បែង ឲ្យទាន់ពេលវេលានោះទេ ម្ល៉េះនៅថ្ងៃឈប់សម្រាក់រយៈពេលវែងនេះ ពួកគាត់មិនអាចឡើងលេងកំលសាន្តលើខ្នងភ្នំត្បែងមានជយ័បានទេ ដោយសារតែកាំជណ្តើរមួយចំនួន គឺមានសភាពចាស់ទ្រុឌទ្រោម និងត្រូវទឹកហូរច្រោះមិនអាចធ្វើដំណើរបាន។ ដូច្នេះពួកគាត់សូមថ្លែងអំណរគុណ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារផងដែរ។

សូមបញ្ជាក់ថា កាំជណ្តើរឡើងភ្នំត្បែងចំនួន៥៩កាំស្មើនឹង៣១ម៉ែត្រ ត្រូវបានបាក់ស្រុត កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ប៉ុន្តែមិនបានបណ្ដាលឲ្យមានមនុស្សគ្រោះថ្នាក់នោះទេ។ ការបាក់ស្រុតនេះ គឺបណ្ដាលមកពីជណ្តើរមានភាពចាស់ទ្រុឌទ្រោម ដែលមានប្រវែង ១៦៣ ម៉ែត្រ ខណៈពេលដែលជណ្ដើរផ្នែកខាងក្រោម និងផ្នែកខាងលើមានគុណភាពអាចប្រើប្រាស់បាន នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្រោយពីឯកឧត្តមបានដឹកនាំក្រុមការងារចុះពិនិត្យជណ្ដើរ ដែលទ្រុឌទ្រោម កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ លោកបានចាត់ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ធ្វើការសិក្សាគម្រោងជួសជុល និងឱ្យលោកស្នងការនគរបាលខេត្ត ដាក់កម្លាំងប្រចាំការ ២៤ម៉ោង ដើម្បីត្រួតពិនិត្យ មិនអនុញ្ញាតឱ្យមានការឡើងចុះម្ដងលើសពី៥នាក់ឡើយ ព្រមទាំងឱ្យក្រុមការងារត្រួសត្រាយផ្លូវវាងជណ្ដើរជាង១០០ម៉ែត្រនោះ។

ដោយសារថ្ងៃទី១៧ ខែសីហា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជិត៥០០០នាក់ បានឡើងភ្នំត្បែងនេះ ក្រុមការងារប្រចាំការបានរាយការណ៍ ជូនលោកដើម្បីសុំយោបល់ ហើយលោកបានសម្រេចឱ្យផ្អាកចរាចរណ៍ លើកាំជណ្ដើរដែលទ្រុឌទ្រោម ដោយអនុញ្ញាតឱ្យដើរឡើងចុះ តាមផ្លូវវាងជំនួសវិញនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ស្រាប់តែនារសៀលថ្ងៃបន្ទាប់ ហេតុការណ៍បាក់ស្រុត ក៏កើតឡើងតែម្ដង។

ក្រោយការបាក់ស្រុតនេះ ឯកឧត្តមនឹងឱ្យក្រុមការងារ រៀបចំជួសជុលជាជណ្ដើរដែកឱ្យបានឆាប់ ដោយលោកបានធ្វើការអំពាវនាវ ដល់សប្បុរសជនចូលរួមថវិកា តាមរយៈរដ្ឋបាលខេត្តព្រះវិហារ ហើយបើខ្វះខាតប៉ុន្មានលោកនឹងចេញថវិកាផ្ទាល់ខ្លួន ដើម្បីបង្គ្រប់តែម្ដង។ ជាមួយគ្នានេះលោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារប្រចាំការ ដែលបានយកចិត្តទុកដាក់អនុវត្តភារកិច្ច ដែលថ្នាក់លើប្រគល់ជូន យ៉ាងមានប្រសិទ្ធភាព និងបាននឹកគុណដល់បារមីភ្នំត្បែង ដ៏សក្ដិសិទ្ធិផងដែរ៕