អភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល អំពាវនាវពលរដ្ឋស្រុកពញាឮ បន្តអនុវត្តតាមវិធានការកូវីដទាំងអស់គ្នា


ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានធ្វើការអំពាវនាវរួមគ្នាទៅកាន់ប្រជាពលរដ្ឋទូទាំងស្រុកពញាឮ សូមបន្តអនុវត្តនូវវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជាសហគម ដ្បិតរាជរដ្ឋាភិបាលកម្ពុជាបានទប់ស្កាត់បានយ៉ាងល្អប្រសើរយ៉ាងណាក្ដី ក៏ប៉ុន្តែទាមទារសូមឱ្យពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្នជាបន្តទៀត។

ថ្នាក់ដឹកនាំខេត្តកណ្តាលទាំងទ្វេបានថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសអញ្ជើញចូលក្នុងពិធីសំណេះសំណាលជាមួយព្រះសង្ឃ សីលវន្ត សីលវតី និងមន្ត្រីរាជការ កងកម្លាំង ប្រជាការពារ យុវជន យុវនារី ជុំវិញពុទ្ធមណ្ឌល វិបស្សនាធុរៈ ភ្នំអដ្ឋរស្ស ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០។

ឯកឧត្តមម៉ៅ ភិរុណ បានលើកឡើងបន្តថា ទន្ទឹមនឹងមានការចូលរួមពីប្រជាពលរដ្ឋក្នុងការអនុវត្តនូវវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏បានចូលរួមក្នុងការផ្សព្វផ្សាយជាប្រចាំនៅវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួនរៀងៗខ្លួនផងដែរ និងបន្តផ្សព្វផ្សាយជាបន្តបន្ទាប់ទៀត។ បើទោះបីជាកន្លងមក ខេត្តកណ្ដាលមានការផ្ទុះនូវជំងឺកូវីដ-១៩ក្ដី តែរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានមានវិធានការយ៉ាងល្អក្នុងការបង្ការ និងទប់ស្កាត់ មិនឲ្យមានការរីករាលដាលក្នុងសហគមន៍ឡើង។

ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា ភាពជោគជ័យក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ គឺដោយមានការចូលរួមពីប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺធ្វើឲ្យខេត្តកណ្ដាល មិនមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ឡើយ។

ទន្ទឹមនឹងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋក្នុងការផ្ដល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ដោយប្រែក្លាយពីអ្នកត្រួតត្រា ទៅជាអ្នកផ្ដល់សេវាប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព។

ពិសេសកងកម្លាំងមានសមត្ថកិច្ច ត្រូវអនុវត្តឱ្យបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព លុបបំបាត់ឱ្យបានចោរលួច ចោរឆក់ ចោរប្លន់ ល្បែងស៊ីសង និងបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន៕