កម្ពុជា-ថៃ ខិតខំរួមគ្នាស្តារវិស័យទេសចរណ៍ឡើងវិញក្នុងដំណាក់កាល និងក្រោយវិបត្តិកូវីដ-១៩


ក្រោយបើកកិច្ចពិភាក្សាគ្នាតាមប្រព័ន្ធ Video Conference នារសៀលថ្ងៃទី២៤ ខែសីហា ក្រុមការងាររួមទេសចរណ៍ទ្វេភាគីកម្ពុជា-ថៃ បានប្រជុំពិភាក្សាគ្នាស្វែងរកដំណោះស្រាយ និងយន្តការបន្ទាន់រួមគ្នា សំដៅស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ទាំងមូលផងដែរ។

កិច្ចប្រជុំពិសេសក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-ថៃ តាមរយៈ Video Conference នេះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំដោយ ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់មកពីក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសុខាភិបាលផងដែរ។

កិច្ចពិភាក្សាបានចែករំលែកបទពិសោធន៍ ការអនុវត្តល្អៗស្ដីពីវិធានការទប់ស្កាត់កូវីដ-១៩ និងផលប៉ះពាល់ក្នុងប្រទេសទាំងពីរ ក៏ដូចជាផែនការយុទ្ធសាស្ត្រ និងសកម្មភាពជួយសង្គ្រោះវិស័យទេសចរណ៍នៅចំពោះមុខ ក្នុងដំណាក់កាលនៃការដោះស្រាយវិបត្តិ (Mitigation Phase) ឬដំណាក់កាលនៃត្រៀមងើបឡើងវិញ (Early Recovery) ក៏ដូចជាផែនការស្ដារឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩ ( Post Covid-19 Crisis Recovery Plan)។

ជាក់ស្តែង រាជរដ្ឋាភិបាលមកដល់ថ្ងៃនេះ បានដាក់ចេញវិធានការជាចម្បងជុំទី៥ហើយ ដែលក្នុងនោះបានដោះស្រាយ ជួយដល់បុគ្គលិក និយោជក ដោយមានផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ ជាង៣ម៉ឺននាក់ នៅក្នុងវិស័យទេសចរណ៍នេះ ដោយផ្តល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារក្នុងម្នាក់ រយៈពេល២ខែ ហើយជុំទី៥នេះ ផ្តល់២ខែ បន្តទៀត។

ទន្ទឹមនឹងនេះ ចំពោះផ្នែកឯកជន ប្រតិបត្តិករ អាជីវករ ដែលជាម្ចាស់ភោជនីយដ្ឋាន រាជរដ្ឋាភិបាលបានផ្តល់តាំងពីជុំទី១ម្ល៉េះ៖
* ទី១៖ លើកលែងពន្ធអាជីវកម្ម (ដែលជាទូទៅត្រូវតែប្រកាសពន្ធ ប៉ុន្តែពន្ធវិញរដ្ឋបង់ជំនួស)។
* ទី២៖ មិនឲ្យអាជីវករបង់ប្រាក់ភាគទានសម្រាប់ ប.ស.ស ទេ ប៉ុន្តែក្នុងដំណាក់កាលនេះ និយោជិតនៅតែទទួល ប.ស.ស ពីរាជរដ្ឋាភិបាលដដែល។

យោងតាមស្មារតីនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងស្របតាមគោលការណ៍ ការណែនំារបស់សហគមន៍ និងដៃគូអន្តរជាតិនានា ក្រុមការងារទេសចរណ៍រួមនៃប្រទេសទាំងពីរបានពិនិត្យលទ្ធភាពក្នុងការជំរុញបង្កើតឲ្យមានកិច្ចសហប្រតិបត្តិការ និងយន្តការជាក់លាក់បន្ទាន់រួមគ្នា ដើម្បីស្តារវិស័យទេសចរណ៍ដោយផ្តោតលើការធ្វើដំណើរដោយកន្លែង «Green Travel Bubble» រវាងប្រទេសទាំងពីរ និងក្នុងតំបន់។

តាមរយៈកិច្ចប្រជុំនេះ លោក ថោង រដ្ឋសក្តិ បានបញ្ជាក់ថា ក្រុមការងាររួមទេសចរណ៍កម្ពុជា-ថៃ នឹងធ្វើការយ៉ាងហ្មត់ចត់ជាមួយអ្នកជំនាញ និងក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ ដើម្បីរៀបចំគម្រោងគោលការណ៍ធ្វើដំណើរដោយកន្លែង ឬហៅថា «Green Travel Bubble» ចំណែកឯភាគីថៃហៅថា «Pilot Provinces» ដោយសាកល្បងលើតំបន់ទេសចរណ៍ចំនួន ៥ រួមមាន៖ ភូកេត កោះសាមុយ កោះតៅ កោះផាន់ង៉ាន់ និងកោះភីភី ដើម្បីរៀបចំកញ្ចប់ទេសចរណ៍ទទួលភ្ញៀវទេសចរនៃប្រទេសទាំងពីរ និងតំបន់ផ្សេងៗ ដែលមានការគ្រប់គ្រងត្រឹមត្រូវពីបណ្តាតំបន់ ឬប្រទេសដែលមានសុវត្ថិភាពពី COVID-19។

ឯកឧត្តម ថោង រដ្ឋសក្តិ បានបន្តទៀតថា សម្រាប់គោលការណ៍ក្នុងការបើកការធ្វើដំណើរដោយកន្លែង ឬរបៀងនៃការធ្វើដំណើរ គឺកម្ពុជា និងថៃ ធ្វើឡើងសម្រាប់ទទួលតែភ្ញៀវទេសចរអន្តរជាតិពីតំបន់មានសុវត្ថិភាពពី COVID-19 ពីក្រៅប្រទេសមកកាន់តំបន់មានសុវត្ថិភាពពី COVID-19 នៅកម្ពុជា និងថៃប៉ុណ្ណោះ ហើយប្រសិនបើផែនការនេះធ្វើបានជោគជ័យ គឺអាចជំរុញឱ្យកម្ពុជាកសាងបាននូវមានទំនុកចិត្តនៃការងើបឡើងវិញនៃវិស័យទេសចរណ៍ ជំរុញការស្តារអាជីវកម្មទេសចរណ៍មានដំណើរការជាបណ្តើរៗឡើងវិញ ជួយបង្កើតការងារសម្រាប់អ្នកបាត់បង់ការងារដោយសារ COVID-19 និងធានាជំរុញកំណើនសេដ្ឋកិច្ចផងដែរ។

ទោះយ៉ាងណាក៏ដោយ បច្ចុប្បន្នវិស័យទេសចរណ៍ក្នុងស្រុកកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់វិស័យទេសចរណ៍ ជាក់ស្តែងអំឡុងពេលថ្ងៃសម្រាកចូលឆ្នាំខ្មែររយៈពេល ៥ថ្ងៃ កន្លងមកនេះ យើងកត់សម្គាល់ឃើញថា ភ្ញៀវទេសចរធ្វើដំណើរសរុបមានប្រមាណ ១.៤លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិក្នុងស្រុកមាន ១៤,១៤៨នាក់ បង្កើនប្រាក់ចំណូលប្រមាណ ១៥០លានដុល្លា ចាក់បញ្ជូលដោយផ្ទាល់ទៅក្នុងសេដ្ឋកិច្ចជាតិ។

គូសបញ្ជាក់ថា ដោយឆ្នាំ២០២០នេះ ជាខួបអនុស្សាវរីយ៌លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ ក្រសួងទេសចរណ៍នៃប្រទេសទាំងពីរបានសហការគ្នាផលិតស្ពតវីឌីអូផ្សព្វផ្សាយរួមគ្នា ដើម្បីអបអរខួបអនុស្សាវរីយ៍នៃទំនាក់ទំនងការទូតនេះ និងស្របតាមផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ថៃ ២០១៩-២០២១ ក្នុងការផ្សព្វផ្សាយទីផ្សាររួមគ្នា «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ»៕