អភិបាលខេត្តបន្ទាយមានជ័យជំរុញអាជ្ញាធរដែនដី ត្រូវណែនាំប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលមានកូនគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា


បន្ទាយមានជ័យ ថ្ងៃទី២៥ ខែសីហា ​ឆ្នាំ២០២០ អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី ​បានជំរុញដល់គ្រប់អភិបាលក្រុង ស្រុក ទាំង៩ មេឃុំ ចៅសង្កាត់ ទូទាំងខេត្តត្រូវចូល រួមផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន ដែលមានកូនគ្រប់អាយុចុះឈ្មោះ បោះឆ្នោត ដើម្បីទៅចុះឈ្មោះបោះឆ្នោតឱ្យបាន​គ្រប់ៗគ្នានៅឆ្នាំ២០២០នេះ។

ការថ្លែងជំរុញបែបនេះក្នុងឱកាស ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការឆ្នាំ២០១៩ជូនដល់អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលរៀបចំឡើងដោយលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្ត បន្ទាយមានជ័យ កាលពីថ្ងៃ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ ដែលមានការចូលរួមពីសំណាក់អភិបាលក្រុង-ស្រុក-មេឃុំ-ចៅ សង្កាត់ ទូទាំងខេត្ត តំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងសមត្ថកិច្ច ពាក់ព័ន្ធជាច្រើននាក់នោះ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ​ អ៊ុំ រាត្រី បានឱ្យដឹងថា យោងសេចក្តីសម្រេចលេខ ០៤៤ គ.ជ.ប.ស.ស.រចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ស្តីពីការពន្យារពេល នៃដំណើរការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ និងសេចក្តីណែនាំលេខ០១៤ គ.ជ.ប.ស. ណ.ន ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ គណៈកម្មការជាតិរៀបចំកាបោះឆ្នោត (គជប) បានណែ នាំជាថ្មីដល់លេខាធិការរដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត (លធ.ខប) ត្រូវសហការជា មួយក្រុមប្រឹក្សាឃុំ សង្កាត់ និងមេភូមិ ក្នុងការចាត់ចែងអនុវត្តន៍ការផ្តល់លិខិតអញ្ជើញជូន ដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ ដើម្បីបម្រើឱ្យការពិនិត្យ​បញ្ជីឈ្មោះ  និងការចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០២០។

អភិបាលខេត្តបន្ទាយមានជ័យ បានបន្តថា គោលបំណងនៃការផ្តល់លិខិតអញ្ជើញនេះ ដើម្បីជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដូចជាប្រជាពល​រដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ដែលបានប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទចាស់ ឬលិខិតបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ក្នុងការចុះ ឈ្មោះបោះឆ្នោតកន្លងមក ត្រូវពិនិត្យផ្ទៀងផ្ទាត់និងមកធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះ ឆ្នោត តាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះ ឈ្មោះបោះឆ្នោតឆ្នាំ២០២០ ។ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ ២០១៩ហើយ ដែលមានអត្តសញ្ញាណប័ណ្ណប្រភេទថ្មី ក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ត្រូវពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ឬលិខិតអញ្ជើញអ្នកបោះ ឆ្នោតប្រសិនបើពិនិត្យឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវស្នើសុំកែតម្រូវក្នុងអំឡុងពេល ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០នេះ៕