ឯកឧត្តម ប៊ូ ឡាំ និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីដង្ហែព្រះពុទ្ធរូបអង្គស្ពាន់ទៅតម្កល់នៅវត្តរស្មីសាមគ្គីរតនារាម


រតនគិរី នៅថ្ងៃ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីដង្ហែព្រះពុទ្ធរូបអង្គស្ពាន់ទៅតម្កល់នៅវត្តរស្មីសាមគ្គីរតនារាម ( ហៅវត្តថ្មី) ស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដើម្បីឱ្យពុទ្ធបរិស័ទទូទៅគោរពបូជា តាមពុទ្ធសាសនា ។

មានប្រសាសន៍សំណេះសំណាលជាមួយពុទ្ធបរិស័ទឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី បានលើកឡើងថា ឯកឧត្តមមានក្តីសោមនស្សរីករាយក្រៃលែង ដោយបានមកចូលរួមធ្វើបុណ្យ ធ្វើទានទៅតាមប្រពៃណីព្រះពុទ្ធសាសនាជាមួយបងប្អូនប្រជាពលរដ្ឋនាពេលនេះ ដែលជាការរួមចំណែកក្នុងការយកចិត្តទុកដាក់ គោរពប្រតិបត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនា។

ឯកឧត្តមបន្តថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអប់រំ ចរិយាធម៌ សីលធម៌ក្នុងសង្គមជាតិទាំងមូល ។ ដូចនេះការចូលរួមកសាងវិស័យព្រះពុទ្ធសាសនាឱ្យមានភាពរីកចម្រើន ក៏មានសារៈសំខាន់ផងដែរ ដែលថ្នាក់ដឹក នាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទទាំងអស់ ត្រូវតែចូលរួមកសាង និងថែរក្សាឱ្យបានគង់វង្ស។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី និង លោកជំទាវ ព្រមទាំងមន្រ្តីរាជការ បាននាំយកគ្រឿងឧបភោគ បរិភោគ និង បច្ច័យមួយចំនួនទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅវត្តរស្មីសាមគ្គីរតនារាម  (ហៅវត្តថ្មី) ផងដែរ៕