វិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ាគ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គខាងជើងនៃប្រាសាទតុបខាងលិចនៅពាក់កណ្តាលឆ្នាំ២០១៧នេះ


វិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ារបស់ប្រទេសជប៉ុន ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលប្រាង្គខាងជើងនៃប្រាសាទតុបខាងលិច ក្នុងជំហានទី២របស់ខ្លួន ចាប់ពីខែកញ្ញា ឆ្នាំ២០១៥មក។ តាមគម្រោង ប្រាង្គនេះអាចនឹងបញ្ចប់ការជួសជុលនៅអំឡុងខែមិថុនា ឆ្នាំ២០១៧ ហើយនឹងចាប់ផ្តើមគម្រោងជួសជុលប្រាង្គកណ្តាលតទៅទៀត។
ក្នុងដំណើរចុះពិនិត្យការដ្ឋានអន្តរជាតិរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី៩ មីនា ឆ្នាំ២០១៧នេះ អគ្គនាយករងនៃវិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ា លោក Hiroshi SUGIYAMA ដែលទទួលបន្ទុកគ្រប់គ្រងការដ្ឋាននេះពន្យល់ថា ការជួសជុលប្រាង្គខាងជើងនេះ បានដំណើរទៅយ៉ាងរលូន ក្រោមកិច្ចសហការសម្របសម្រួលយ៉ាងល្អពីអាជ្ញាធរជាតិអប្សរា។ លោក SUGIYAMA ក៏បានពន្យល់ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា អំពីបច្ចេកទេសនៃការអភិរក្សជួសជុល ការចងក្រងឯកសារ និងចុះបញ្ជីសារពើភណ្ឌជាដើម។ លោកក៏បានសន្យា បន្តជួសជុលប្រាសាទនេះឲ្យបានរួចរាល់តាមគម្រោង ដោយគោរពតាមបទដ្ឋានបេតិកភណ្ឌពិភពលោក និងទទួលយកការផ្លាស់ប្តូរគំនិតជាមួយអ្នកជំនាញផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យការងារជួសជុលនេះបានជោគជ័យ និងរក្សាបាននូវតម្លៃដើមនៃបេតិកភណ្ឌ។
លោក ហន រិត្ថា អ្នកជំនាញការប្រចាំការដ្ឋាននេះបញ្ជាក់ថា ដោយសារប្រាសាទនេះមានភាពទ្រុឌទ្រោមស្ទើរតែ៩០% ដូច្នេះការជួសជុលគឺបានធ្វើឡើងស្ទើរទាំងស្រុង។ ការជួសជុលប្រាង្គខាងជើងនេះ ក្រុមការងារបានរៀបចំគ្រឹះឡើងវិញ និងបន្តរៀបចំរចនាសម្ព័ន្ធផ្សេងៗ ដោយយកថ្មចាស់ដែលមានស្រាប់ និងជំនួសថ្មថ្មីខ្លះត្រង់ចំណុចណាដែលស្វែងរកមិនបាន ហើយមានភាពចាំបាច់ខ្លាំង។
ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណចំពោះវិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ា ដែលបានបំពេញការងារបានយ៉ាងល្អប្រសើរ។ ឯកឧត្តមក៏បានផ្តាំផ្ញើចំពោះប្រធានគម្រោង ដើម្បីផ្តល់ដំណឹងដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាឲ្យបានទាន់ពេលវេលា ករណីមានសំណូមពរ ឬសំណើណាមួយ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា។
ប្រាសាទតុបខាងលិច ត្រូវបានកសាងឡើងក្នុងរវាងសតវត្សទី១០ ដែលមានរចនាប័ទ្មបន្ទាយស្រី ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ចាប់ពីសតវត្សទី១៣ដល់ទី១៧ ប្រាសាទនេះ ត្រូវបានកែបន្ថែមបន្ថយខ្លះៗ ដែលយើងឃើញដល់សព្វថ្ងៃដូចជា ការកសាងប្រាង្គពីរអមសងខាង ព្រមទាំងរានហាលខាងមុខប្រាសាទបន្ថែមទៀត ជារោងឧបោសថ សម្រាប់ព្រះសង្ឃព្រះពុទ្ធសាសនាថេរវាទជាដើម។ ចាប់ពីឆ្នាំ២០១១មក វិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ា សហការជាមួយអាជ្ញាធរជាតិអប្សរា បានធ្វើការអភិរក្សជួសជុល។ ក្នុងជំហានដំបូង ក្រុមការងារបានជួសជុលប្រាង្គខាងត្បូងរួចរាល់នៅចុងឆ្នាំ២០១៥ ហើយបន្តជួសជុលប្រាង្គខាងជើងថែមទៀតក្នុងជំហានទី២។ ក្នុងជំហានទី៣ ក្រុមការងារនឹងជួសជុលប្រាង្គកណ្តាលនៃប្រាសាទ ដែលតាមគម្រោងនឹងបញ្ចប់នៅឆ្នាំ២០២០ខាងមុខ៕