ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន ជួបសំណេះសំណាលពិភាក្សាការងារជាមួយគណៈប្រតិភូយោធាជាន់ខ្ពស់មីយ៉ាន់ម៉ា


នៅអគ្គបញ្ជាការដ្ឋាន ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបសំណេះសំណាលពិភាក្សាការងារជាមួយគណៈប្រតិភូយោធាជាន់ខ្ពស់ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ផុតលេខ MIN AUNG HLAING អគ្គមេបញ្ជាការកងទ័ពសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចនេះ ពិតជាបាននាំមកនូវការរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបតិ្តការរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-មីយ៉ាន់ម៉ា ឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត ។
តាមរយៈការដាក់ចេញនយោបាយ ឈ្នះ=ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកសន្តិភាពនៅកម្ពុជា បានធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញបរិបូណ៌។ សន្តិភាព បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានភាពខ្ពស់មុខមាត់ ស្មើភាព ស្មើសិទ្ធិជាមួយប្រទេសក្នុងតំបន់និងពិភពលោក។ លើសពីនេះ កម្ពុជាបានបញ្ជូនកងទ័ពទៅចូលរួមបំពេញបេសកកម្មថែរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិលើវិស័យមនុស្សធម៌ ហើយទទួលការកោតសរសើរពីអង្គការសហប្រជាជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ផុតលេខ MIN AUNG HLAING អគ្គមេបញ្ជាការកងទ័ពសា ធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានថ្លែងអរគុណ និងបានកោតសរសើរដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័យរបស់ព្រះរាជាណាចក្រកម្ពុជា។ ប្រទេសយើងទាំងពីរមានទំនាក់ទំនងការទូតជាយូរលង់ណាស់មកហើយ និងជាប្រទេសសមាជិកអាស៊ានដូចគ្នា។ គោលបំណងក្នុងដំណើរទស្សនកិច្ចនេះ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបតិ្តការរវាងកងទ័ពមីយ៉ាន់ម៉ា និងកងទ័ពកម្ពុជា តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការងារហ្វឹកហ្វឺនផ្លាស់ប្តូរបទពិសោធន៍ វិស័យសិល្បៈ កីឡា រួមគ្នាប្រឆាំងអំពើរភេរវកម្មឆ្លងដែន ដើម្បីថែរក្សាសុខសន្តិភាពឱ្យកាន់តែល្អប្រសើរ៕