មន្រ្តីជាន់ខ្ពស់សង្គមកិច្ច៖ សម័យតេជោសន្តិភាព ជនមានពិការភាពក្រីក្រ ទទួលបានរបបឧបត្ថម្ភគោលនយោបាយពីរាជរដ្ឋាភិបាល


សម័យតេជោសន្តិភាព ជនមានពិការភាពក្រីក្រ ទទួលបានរបបឧបត្ថម្ភគោលនយោបាយពីរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅ។ ជាមួយនឹងការអនុវត្តគោលនយោបាយនេះ គិតចាប់ពីឆ្នាំ២០១៦ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើអត្តសញ្ញាណកម្មជន មានពិការភាពក្រីក្រ និងបានផ្តល់របបគោលនយោបាយ ជូនជនមានពិការភាពក្រីក្រ ចំនួន១៦ ៤១០នាក់ ក្នុងខេត្តចំនួន១៥ គឺខេត្តត្បូងឃុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តប៉ៃលិន ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពត និងខេត្តតាកែវ។

សម្រាប់ឆ្នាំ២០២០នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ឱ្យដំណើការអនុវត្តរបបគោលនយោបាយនេះចំនួន៤ រាជធានីខេត្តថ្មីបន្ថែមទៀត រួមមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កែប និងខេត្តកោះកុង។

នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាតំណាងឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ដាក់ឱ្យអនុវត្តរបបគោលនយោបាយ ចំពោះជនមានពិការភាពក្រីក្រ នៅតាមសហគមន៍ ក្នុងរាជធានីភ្នំពេញ នាថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០។

ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានសម្តែងនូវការកោតសរសើរ ចំពោះគណៈកម្មការគ្រប់គ្រងរបបគោលនយោបាយរាជធានីភ្នំពេញ ក្រុមប្រឹក្សាសកម្មភាពជនមានពិការភាព ជាពិសេសមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ដែលតែងតែរួមសហការគ្នា ក្នុងការអនុវត្តការងារពិការភាព សម្រេចបាននូវសមិទ្ធផលជាច្រើន គួរឱ្យកត់សំគាល់ដូចជាការផ្តល់សេវារថយន្តសាធារណៈ ផ្លូវថ្មើជើង និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។

ជាមួយគ្នានេះដែរ លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា រាជធានីភ្នំពេញកន្លងមក ក៏ដូចជាបច្ចុប្បន្នបានយកចិត្តទុកដាក់ខ្ពស់ លើវិស័យពិការភាពនៅទូរទាំងរាជធានី ព្រោះថាការងារពិការភាព គឺជាការងារពហុវិស័យ ដែលទាមទារឱ្យយើងទាំងអស់គ្នា យកចិត្តទុកដាក់ការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាព ព្រោះថាជនមានពិការភាព ក៏ជាប្រភពធនធានមួយនៃការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។

លោកជំទាវបានបន្តថា កន្លងមកក៏ដូចជាបច្ចុប្បន្ន រដ្ឋបាលរាជធានីបានផ្ដល់លិទ្ធភាពដល់ជនមានពិការភាពគ្រប់រូប ទទួលបានសេវាសុខភាព អប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកបដោយគុណភាព និងសមភាពព្រមទាំងបានលើកកម្ពស់ ការចូលរួមរបស់ជនមានពិការភាព ក្នុងការសម្ដែងមតិ ទទួលបានព័ត៌មាន។ ក្រៅពីនោះ រដ្ឋបាលរាជធានីបានលើកទឹកចិត្ត ដល់ការចូលរួមសកម្មភាពសង្គម សម្រាប់ជនមានពិការភាពដូចជាសកម្មភាព វប្បធម៌ សាសនា កីឡា សិល្បៈ ការសម្រាកលម្ហែ និងសកម្មភាពផ្សេងៗទៀត។

លោកជំទាវមានជំនឿយ៉ាងមុតមាំថា តាមរយៈការផ្តល់របបគោលនយោបាយ ដល់ជនមានពិការភាពក្រីក្រក្នុងសហគមន៏ គឺជាការលើកកំពស់ជីវភាព ដល់ជនមានពិការភាពក្នុងរាជធានីភ្នំពេញ ឲ្យមានជីវភាពកាន់តែប្រសើរឡើងមួយកំរិត និងស្របតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងទសវត្សរ៍ជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក យុទ្ធសាស្រ្តអ៊ីនឈាន់ធ្វើឲ្យសិទ្ធិក្លាយជាការពិតឲ្យទទួលបានជោគជ័យ៕