ឯកឧត្តម ខៀវ មុត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងស្រុកទ្រាំង


ក្នុងការបំពេញតួនាទីភាពជាតំណាង ក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងក្រុមប្រឹក្សាឃុំ និងដើម្បីឈ្វេងយល់អំពីការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងស្រុកទ្រាំង សរុបចំនួន៤៧នាក់ ដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា និងឈ្វេងយល់អំពីបញ្ហាប្រឈម ព្រមទាំងសំណូមពរនានារបស់ក្រុម្រឹក្សាឃុំ សង្កាត់ ដោយផ្តោតលើ៖ ១-ស្វែងយល់ការអនុវត្តវិធានការណ៍ បង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ២-ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ (ការផ្តល់បណ្ណសមធម៌ជូនគ្រួសារក្រីក្រក្នុងដំណាក់កាលប្រឈមនឹងជំងឺកូវីដ-១៩) ៣-ការងារអត្រានុកូលដ្ឋាន ៤-ការងារអភិវឌ្ឍន៍មូលដ្ឋាន និង៥-ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុកទ្រាំង ខេត្តតាកែវ៕