លោកជំទាវ និន សាផុន បានដឹកនាំប្រជុំគណៈកម្មាធិការសង្គមកិច្ច និងមន្ត្រីក្រុមការងារបច្ចេទេស សម្រាប់ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤១


លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា បានដឹកនាំប្រជុំគណៈកម្មាធិការសង្គមកិច្ច និងមន្ត្រីក្រុមការងារបច្ចេទេស សម្រាប់ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤១ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេច អំពីការងារត្រៀមរៀបចំលើការងារពាក់ព័ន្ធទៅនឹងខ្លឹមសារ និងនីតិវិធីដំណើរការ ដែលសភាកម្ពុជានឹងចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ Video Conference ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែទី៨-១០ ខែកញ្ញា​ ឆ្នាំ២០២០ នៅប្រទេសវៀតណាម ។
នៅក្នុងកិច្ចប្រជុំនេះ​ លោកជំទាវ និន សាផុន បានស្នើអោយឯកឧត្តម លោកជំទាវ និងមន្ត្រីក្រុមការងារទាំងអស់ពិនិត្យ និងពិភាក្សាអោយបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ចំពោះឯកសារដែលបានយកមកពិនិត្យ និងពិភាក្សានាពេលនេះ ព្រោះថាខ្លឹមសារឯកសារក្នុងរបាយការណ៍នេះ មានសារៈប្រយោជន៍ណាស់សម្រាប់សភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤១ ដើម្បីរួមចំណែកជាទស្សនទាន ក៏ដូចជាដោះស្រាយ បញ្ហារួមនានា ដែលកើតមាននៅក្នុង តំបន់អាស៊ាន និងសកលលោក។លោកជំទាវ និន សាផុន បានបញ្ជាក់ថា អាស៊ានអាយប៉ាពិតជាមានសារៈសំខាន់ជួយដល់ប្រទេសសមាជិកអាស៊ានទំាងអស់ ដើម្បីបង្ហាញពិភពលោក និងដៃគូរអភិវឌ្ឍនានា បានឃើញកាន់តែច្បាស់ពីសក្តានុពលរបស់អាស៊ាន។ជាពិសេសជំរុញថែមទៀតនូវទំនាក់ទំនងជាមួយដៃគូនានាក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ដែលជាបញ្ហារួមរបស់ពិភពលោក ទោះបីជាប្រទេសយើងនីមួយៗ កំពុងប្រឈមនឹង ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។
សូមជម្រាបថា កិច្ចប្រជុំមហាសន្និបាតអាយប៉ា​ លើកទី៤១ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨-១០​ ខែកញ្ញា​ ឆ្នាំ២០២០ នៅប្រទេសវៀតណាម ដែលមានស្ថាប័ននីតិប្បញ្ញត្តិទាំង១០ ប្រទេសចូលរួម​ ក្នុងនោះមាន កម្ពុជា វៀតណាម ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងប្រ៊ុយណេ៕