អ្នករាយការណ៍សិទ្ធិមនុស្ស វាយតម្លៃខ្ពស់ជាវិជ្ជមាន អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាសិទ្ធិមនុស្ស និងកត្តារួមផ្សំមួយចំនួន


ក្នុងជំនួបពិភាក្សាគ្នាតាមរយៈវីដេអូជាមួយ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិកម្ពុជា, លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានវាយតម្លៃជាវិជ្ជមាន និងកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលដែលបង្ហាញដោយ គ.ស.ម.ក និងអន្តរក្រសួងទៅលើប្រធានបទនីមួយៗ ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស វិធានការឆ្លើយតបនឹងជំងឺកូវីដ-១៩ សេរីភាពនៃការបញ្ចេញមតិ ក៏ដូជាការត្រួតពិនិត្យលើលិខិតបទដ្ឋានគតិយុត្ត និងវឌ្ឍនភាពនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចជំនួបរវាងលោកស្រី រ៉ូណា ស្មីត រវាងមេសិទ្ធិមនុស្សកម្ពុជា និងអន្តរក្រសួងតាមរយៈប្រព័ន្ធវីដេអូ ដែលអង្គភាពព័ត៌មានទទួលបាន បញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត ក៏បានលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងជាមួយនឹងលទ្ធផលជាវិជ្ជមាននេះជាបន្តទៀត។ ទន្ទឹមនឹងនេះ លោកស្រី រ៉ូណា ស្មីត ក៏បានបង្ហាញពីក្ដីកង្វល់ និងផ្តល់ជាអនុសាសន៍មួយចំនួនផងដែរ ដែលសុទ្ធតែជាអ្វីដែលរដ្ឋាភិបាលបាន និងកំពុងអនុវត្ត ដូចខាងក្រោម៖

* ការទប់ស្កាត់នូវការផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងជំងឺកូវីដ-១៩
* ការរៀបចំ និងការធ្វើវិសោធនកម្មច្បាប់មួយចំនួន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងស្របតាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ មានដូចជា ក្រមព្រហ្មទណ្ឌ ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល សេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ និងសេចក្ដីព្រាងច្បាប់ស្ដីពី ការបង្កើតស្ថាប័នសិទ្ធិមនុស្ស ជាតិជាដើម។

លោកស្រីក៏បានបញ្ជាក់ផងដែរថា លោកស្រីរីកវាយនឹងចូលរួមផ្តល់យោបល់លើការរៀបចំ និងវិសោធនកម្មច្បាប់ សេចក្ដីព្រាងច្បាប់ទាំងនោះ។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល ក៏បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកផ្តល់នូវព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយតាមប្រធានបទដែល លោកស្រី រ៉ូណា ស្មីត បានលើកឡើងដូចខាងក្រោម៖

ទី១៖ ការងាសិទ្ធិមនុស្ស និងយន្តការនៃការស៊ើបអង្កេតដោះស្រាយ ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស៖ គ.ស.ម.ក. បានធ្វើបទបង្ហាញជូន លោកស្រី រ៉ូណា ស៊ុត នូវវឌ្ឍនភាពនៃការងាររបាយការណ៍សិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិ ដូចខាងក្រោម៖

* ឯកសារគោលរួមសម្រាប់របាយការណ៍នីមួយៗ (Commes Core Document) ក្រុមការងារបានធ្វើបច្ចុប្បន្នភាព និងបញ្ចប់រួចហើយ ដោយរង់ចាំការពិនិត្យសម្រេចចុងក្រោយពីអន្តរក្រសួងពាក់ព័ន្ធរួចនឹងបញ្ជូនទៅ អ.ស.ប តែម្តង។
* របាយការណ៍សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ៖ បានដាក់ជូនគណៈកម្មាធិការសិទ្ធិមនុស្ស អ.ស.ប នៅខែមេសា ឆ្នាំ២០១៩ ហើយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងដឹកក្រុមការងារអន្តរក្រសួង ទៅការពាររបាយការណ៍នេះ នៅចំពោះមុខគណៈកម្មាធិការសិទ្ធិមនុស្ស អ.ស.ប នៅខែមីនា ឆ្នាំ២០២១។
* របាយការណ៍សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌៖ បានបញ្ជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីបញ្ជូនបន្តទៅ អ.ស.ប. កាលពីខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ។
* របាយការណ៍ស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ បានបញ្ជូនទៅ អ.ស.ប ឆ្នាំ២០១៧ និងបានទៅការពារ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
* របាយការណ៍ស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ៖ ក្រុមការងារផ្ទៃក្នុង បានបញ្ចប់នូវសេចក្ដីព្រាងដំបូង និងត្រៀមដាក់ ពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធ។
* របាយការណ៍ពិនិត្យជាសកលតាមកាលកំណត់ UPR បានធ្វើការផ្សព្វផ្សាយអនុសាសន៍ ដែលបានទទួលយកដល់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្ត និងគ្រោងរៀបចំកិច្ចប្រជុំដើម្បីត្រួតពិនិត្យការអនុវត្តអនុសាសន៍ទាំងនោះក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយស្ថានភាពកូវីដ-១៩ធូរស្រាល។
* ចំពោះរបាយការណ៍សិទ្ធិមនុស្ស ដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័នដទៃទៀត គ.ស.ម.ក. បានធ្វើការទាក់ទង និងសម្របសម្រួលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នទាំងនោះ ដើម្បីបញ្ចប់ឱ្យបានទាន់ពេល។

គ.ស.ម.ក. តែងចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវជាប្រចាំ និងត្រួតពិនិត្យករណីរំលោភសិទ្ធិមនុស្សនៅតាមពន្ធនាគារ មណ្ឌលអប់រំកែប្រែ កន្លែងឃុំឃាំង និងមណ្ឌលស្តារនីតិសម្បទា ដោយសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច និងអង្គការសង្គមស៊ីវិល ដើម្បីជំរុញឱ្យមានការដោះស្រាយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។

គ.ស.ម.ក. ក៏បានបង្ហាញនូវលទ្ធផលនៃការដោះស្រាយប្រកបដោយភាពជោគជ័យនៃករណីរលោភសិទ្ធិមនុស្សមួយចំនួន ជាឧទាហរណ៍ជាក់ស្តែង នៅដើមឆ្នាំ២០២០នេះ ជនដៃដល់ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីទទួលខុសត្រូវតាមផ្លូវច្បាប់។

ពាក់ព័ន្ធនឹងយន្តការនៃការទទួល និងដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋ គណៈកម្មាធិការសិទ្ធិមនុស្ស មានក្រុមការងារចុះស៊ើបអង្កេតផ្ទាល់ដល់ទីកន្លែង ហើយក៏មានការចូលរួមផងដែរពីក្រុមអ្នកច្បាប់ និងមេធាវីស្ម័គ្រចិត្ត ដើម្បីផ្តល់ជំនួយផ្នែកច្បាប់ដល់ពលរដ្ឋ រួមមាន ការប្រឹក្សាច្បាប់ ការសម្រុះសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ និងការការពារក្ដីនៅសវនាការ។

ទី២៖ វិធានការឆ្លើយតបនឹងជំងឺកូវីដ-១៩៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹង ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ដោយបានដាក់ចេញជាវិធានការបង្ការ និងទប់ស្កាត់ការចម្លងដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ សម្រាប់បង្ការជាសាធារណៈ ការគ្រប់គ្រង ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដោយមិនគិតពីជាតិសាសន៍ សាសនា និងនិន្នាការនយោបាយឡើយ និងយកចិត្តទុកដាក់ខ្ពស់ចំពោះជនក្រីក្រ និងជនងាយរងគ្រោះ។ សិទ្ធិរស់រានមានជីវិតត្រូវបានផ្តល់ជាអាទិភាព សិទ្ធិទទួលបានព័ត៌មាន តាមរយៈនៃការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋ ហើយវាជរដ្ឋាភិបាលបានបញ្ចេញនូវកញ្ចប់ថវិកាជូនប្រជាពលរដ្ឋក្រីក្រដែលទទួលរងផលប៉ះពាល់ពីឥទ្ធិពលកូវីដ-១៩ ដែលជាការធានា ដល់សិទ្ធិផ្នែកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។

ទី៣៖ សេរីភាពនៃការបញ្ចេញមតិ ការជួបជុំ និងសមាគម៖ កម្ពុជាគោរពនូវសេរីភាព នៃការបញ្ចេញមតិ និងមិនមានការរឹតដ្បិតសិទ្ធិសេរីភាព នៃការបញ្ចេញមតិ និងការជួបជុំទេ មានតែវិធានការច្បាប់ចំពោះអ្នកដែលបញ្ចេញមតិ និងជួបជុំដោយបំពានច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់តែប៉ុណ្ណោះ។

សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានក្រុមការងារបច្ចេកទេសបានបញ្ចប់រួចរាល់ហើយ នឹងដាក់ជូនគណៈរដ្ឋមន្ត្រីអនុម័តក្នុងពេលឆាប់ៗនេះ។

ពាក់ព័ន្ធនឹងលំហរសង្គមស៊ីវិល រាជរដ្ឋាភិបាលបានបង្កើតក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលដោះស្រាយសំណើរ និងសំណូមពរ របស់អង្គការសង្គមស៊ីវិល។ រាជរដ្ឋាភិបាលបានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលកើតឡើងជាយថាហេតុ។ យន្តការក្រុមការងារ របស់រាជរដ្ឋាភិបាលបង្កើតឡើង ដើម្បីសម្របសម្រួលដោះស្រាយសំណើរ និងសំណូមពររបស់អង្គការសង្គម ស៊ីវិល ហើយក្រសួងមហាផ្ទៃ បានពិនិត្យឃើញជារួមថាការធ្វើសកម្មភាពរបស់អង្គការសង្គមស៊ីវិល នៅតាមមូលដ្ឋានមានភាពល្អប្រសើរ ជាធម្មតាដោយ មិនមានការរឹតដ្បិតឡើយ។
ក្រុមការងារក៏បាននឹងកំពុងធ្វើការពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិល អំពីការធ្វើវិសោធនកម្មច្បាប់ស្ដីពី ការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។

និងទី៤៖ ការត្រួតពិនិត្យលើលិខិតបទដ្ឋានគតិយុត្ត និងវឌ្ឍនភាពនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌៖ ក្រសួងយុត្តិធម៌ កំពុងធ្វើការត្រួតពិនិត្យឡើងវិញ នូវបទដ្ឋានគតិយុត្តដែលកំពុងអនុវត្ត និងរៀបចំបទដ្ឋានគតិយុត្តថ្មីមួយចំនួន ដែលមានសារៈសំខាន់ក្នុងវិស័យយុត្តិធម៌ ដើម្បីឱ្យស្របតាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ និងឆ្លើយតបតាមបរិបទសង្គមរបស់កម្ពុជា និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

ក្រសួងយុត្តិធម៌ ក៏បានបង្ហាញនូវយន្តការនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ក្នុងគោលដៅបង្កើនប្រសិទ្ធភាព នៃសេវាយុត្តិធម៌ បង្កើនសមត្ថភាពរបស់តុលាការ ក្នុងការដោះស្រាយសំណុំរឿងក្ដី បានឆាប់រហ័យ ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ និងរួមចំណែកក្នុងការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖