សម្តេចតេជោ ហ៊ុន សែន៖ ការឈឺឆ្អាលរឿងព្រំដែនជារឿងល្អ តែការញុះញង់ជារឿងខុសច្បាប់ដែលមិនអាចអត់ឱន


ប្រធានបទព្រំដែនរវាងកម្ពុជា និងវៀតណាម បានក្លាយជាប្រធានដ៏សំខាន់មួយក្នុងកិច្ចប្រជុំប្រចាំឆមាសរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដែលមានរយៈពេលប្រមាណជា ៥ម៉ោងនៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ។

ឯកឧត្តម ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានថ្លែងក្នុងសន្និសីទព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំនោះថា បញ្ហាព្រំដែនកម្ពុជា និងវៀតណាមក្នុងខេត្តត្បូងឃ្មុំ ត្រូវបានប្រធានប្រតិភូគណបក្សនយោបាយមួយចំនួនបានលើកឡើង។ ក្នុងនោះការចាប់ខ្លួនលោក រ៉ុង ឈុន និងលោក សួង សុភ័ណ ពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះ ក៏ត្រូវលើកឡើងផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់តបនឹងការលើកឡើងរបស់ប្រធានប្រតិភូគណបក្សនយោបាយជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះថា ការជជែក ការឈឺឆ្អាល និងការចុះទៅមើលព្រំដែននេះ គឺជារឿងដ៏ល្អ ហើយក៏មិនមែនជារឿងខុសច្បាប់នោះទេ។ ប៉ុន្តែការយកបញ្ហាព្រំដែន ដើម្បីបង្កជាការញុះញង់បង្កើតទៅជាព្រឹត្តិការណ៍ជារឿងដែលមិនអាចលើកឡើងនោះឡើយ។

ឯកឧត្តម ឈឹម ផលវរុណ បានដកស្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន មកបញ្ជាក់យ៉ាងដូច្នេះ «រឿងឈឺឆ្អាលនឹងព្រំដែន រឿងទៅមើលព្រំដែន រឿងស្រឡាញ់ទឹកដី គឺជារឿងដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនមែនជារឿងខុសច្បាប់ទេ។ ប៉ុន្តែអ្វីដែលជារឿងអាក្រក់ ដែលយើងមិនអាចអត់ឱនឱ្យបាននោះ គឺការបំភ្លៃ ការមួលបង្កាច់ និងការញុះញង់ ដែលយកប្រធានបទព្រំដែនមកបំភ្លៃ មួលបង្កាច់ ញុះញង់ឱ្យកើតទៅក្នុងចេតនាលាក់លាមដ៏អាក្រក់ គឺការផ្តួលរំលំ ហើយអាហ្នឹងហើយដែលយើងអនុវត្តន៍ច្បាប់។ ការមួលបង្កាច់ ការបំភ្លៃខុសពីការពិត ការញុះញង់វាមិនមែនសេរីភាពនៃការបញ្ចេញមតិនៅក្នុងក្របខណ្ឌសង្គមប្រជាធិបតេយ្យទេ គឺជាបទល្មើសជាក់ស្តែង»

បញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាម បានកម្រើកឡើងជាថ្មី បន្ទាប់ពីកម្ពុជាបានទទួលយកផែនទីខ្នាត ១/២៥ ០០០ ដែលផែនទីទើបបោះពុម្ពថ្មីទុកប្រើប្រាស់។ ផែនទីខ្នាត ១/២៥ ០០០ ជាផែនទីកំណត់និយាមការព្រំដែនរវាងកម្ពុជា និងវៀតណាម ដែលបានព្រមព្រៀងគ្នារួចរាល់ប្រមាណ ៨៤ភាគរយនោះ។

លោក រ៉ុង ឈុន និងលោក សួង សុភ័ណ បានចុះដល់ខេត្តត្បូងឃ្មុំ ហើយបានជួបប្រជាពលរដ្ឋមួយចំនួន។ ប្រជាពលរដ្ឋទាំងនោះ បានអះអាងថា ពួកគេបានបាត់ដីនៅតាមតំបន់ព្រំដែន។ ដោយគ្រាន់តែយោងលើការអះអាងរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ លោក រ៉ុង ឈុន និងលោក សួង សុភ័ណ បានធ្វើសេចក្តីថ្លែងការណ៍ និងអត្ថាធិប្បាយចោទរាជរដ្ឋាភិបាលថា ធ្វើឱ្យបាត់បង់ទឹកដី។

ក្រោយការចេញសេចក្តីថ្លែងការណ៍ និងធ្វើអត្ថាធិប្បាយនេះ លោក រ៉ុង ឈុន និងលោក សួង សុភ័ណ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងត្រូវចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

ពាក់ព័ន្ធបញ្ហានេះនៅក្នុងកិច្ចប្រជុំនាព្រឹកមិញ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យលោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចំរុះកិច្ចការព្រំដែន ចុះទៅដល់កន្លែងដែលប្រជាពលរដ្ឋអះអាងបាត់ដីនោះ ដើម្បីស្វែងរកការពិតស្រាយបញ្ចប់នូវមន្ទិលសង្ស័យទាំងឡាយ។

បន្ថែមពីលើនោះសម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យបើកវេទិកាពន្យល់ដល់ប្រជាពលរដ្ឋដែលមានចម្ងល់ ឬចង់ដឹងលើបញ្ហាព្រំដែននេះផងដែរ។

នៅចំពោះសមាជិក សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មកពីគណបក្សនយោបាយចំនួន១៦ ដែលបានចូលបោះឆ្នោតកាលពីឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានពន្យល់ពីផលលំបាកមួយចំនួនលើការចរចាកិច្ចការព្រំដែនជាមួយប្រទេសជិតខាង។ ក្នុងនោះ ការកំណត់នៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ស្តីពីបញ្ហាព្រំដែនជាមួយប្រទេសជិតខាងក៏ជាការខ្វះចន្លោះរបស់កម្ពុជាផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ឈឹម ផលវរុណ៕