សហភាពអឺរ៉ុបប្រឹងប្រែងជួយ គ.ជ.ប ថ្មី


EU 28 01 16 2 copy

     សហភាព​អឺរ៉ុប កំពុង​ប្រឹង​ប្រែង​ជួយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​បង្កើត​ថ្មី​ឱ្យ​ក្លាយ​ជា​ស្ថាប័ន​មាន​តម្លា​ភាព​និង​មាន​ដំណើរ​ការ​ល្អ​ទៅ​មុខ គ្រា​ដែល​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​បញ្ចេញ​នូវ​គំនិត​មិន​ល្អ​ទុក​ជា​មុន​ ចំពោះ​គណៈ​កម្មា​ធិការ​ថ្មី​នេះ​រួច​ទៅ​ហើយ ​។

     ​ថ្មី​ៗ​នេះ ការ​ផ្តល់​ទុក​ចិត្ត​គាំទ្រ​អោយ​អគ្គ​លេខា​ធិការ​ចាស់​ លោក ​ទេព ​និថា ​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ក្លាយ​ជា​អគ្គ​លេខា​ធិការ​ថ្មី បាន​នាំ​ឱ្យ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ទស្សនៈ​ចង្អៀត​ចង្អល់​។ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​គេ​ឃើញ​ថា​ តែង​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​នៃ​ការ​មិន​ទទួល​ស្គាល់​ នូវ​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ស្ទើរ​រៀង​រាល់​ដង នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​នេះ មិន​បាន​ទទួល​សម្លេង​ច្រើន​លើស​លុប​ក្នុង​ការ​ដឹក​នាំ​រាជ​រដ្ឋាភិបាល ​។

     នៅ​មុន​ ខែ​​កក្កដា ​ឆ្នាំ ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុន​នៃការ​បោះ​ឆ្នោត ​បាន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធ​ផល ​ដោយ​សារ​តែ​ការ​មិន​ពេញ​ចិត្ត​ នឹង​សមាស​ភាព​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ នា​ពេល​នោះ​។ នៅ​ពេល​ដែល​ការ​បោះ​ឆ្នោត​អសកល​ឆ្នាំ ​២០១៧ និង​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ ​២០១៨ ដែល​នឹង​ឈាន​មក​ដល់​​នា​ពេល​ខាង​មុខ​នេះ​ទៀត ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ លោក​ កឹម សុខា ត្រូវ​គេ​ឃើញ បាន​ប្រើ​ប្រាស់​វិធី​ដដែល​នៃ​ការ​សង្ស័យ​ថា ​គ.ជ.ប ​មិន​មាន​ភាព​ឯករាជ្យ​ដោយ​សារ​គណបក្ស​សង្គ្រោះ​ជាតិ ​មិន​ពេញ​ចិត្ត​ការ​ជ្រើស​តាំង​អគ្គ​លេខា​ធិការ​ថ្មី លោក​ ទេព​ និថា​ ។

     លោក​កឹម សុខា ​បាន​ប្រាប់​អ្នក​គាំទ្រ​បក្ស​នៅ​ក្នុង​ខេត្ត​កំពង់​ចាម ឱ្យ​មាន​ការ​តាម​ដាន​ គ.ជ.ប ​ថ្មី​នេះ​ថែម​ទៀត​ ។ មិន​មាន​សេចក្តី​រាយ​ការណ៍​បញ្ជាក់​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​នៅ​មុន​ការ​ប្រព្រឺត្ត​ទៀត​ឬ​យ៉ាង​ណា​នោះ​ទេ​ ។

     ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ​លោក George Edgar ត្រូវ​គេ​ដក​ស្រង់​ប្រសាសន៍​ដែល​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៧ ខែ​​មករា​នេះ​ថា ការ​ជួយ​របស់​សហភាព​អឺរ៉ុប​ដល់​ គ.ជ.ប ​ថ្មី គឺ​អាច​ជម្រុញ​និង​បង្ហាញ​តម្លា​ភាព​ត្រឹម​ត្រូវ​ដល់​ស្ថាប័ន​នេះ​ ដើម្បី​អោយ​មាន​ការ​ទុក​ចិត្ត​ពី​ប្រជាជន​អ្នក​បោះ​ឆ្នោត ​។​ លោក George Edgar បាន​ថ្លែង​ទៀត​ថា ​សហភាព​អឺរ៉ុប ថែម​ទាំង​បាន​ធ្វើ​ការ​ជាមួយ​ គ.ជ.ប ​ថ្មី ​លើ​ការ​បង្កើត​យន្ត​ការ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នៅ​កម្ពុជា​នេះ​ថែម​ទៀត​ផង​ដែរ​។

EU 28 01 16 3 copy