សម្តេចចៅហ្វាវាំង គង់ សំអុល ចុះពិនិត្យអគារសិក្សានៅខេត្តកំពង់ស្ពឺ ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រ


យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានក្រុមសម្តេចឪ ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ រួមដំណើរដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង បានអញ្ជើញពិនិត្យសកម្មភាពការងាររបស់មន្ត្រី បុគ្គលិកនៃក្រុមសម្តេចឪ ដែលកំពុងធ្វើសកម្មភាពអន្តរាគមន៍យ៉ាងសកម្មមមាញឹកបំផុត លើការកសាងព្រះរាជសមិទ្ធផល ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានដល់ប្រជារាស្រ្ត ជាបងប្អូនកូនចៅរបស់ព្រះអង្គរស់នៅ ភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសចុះបំពេញការងារនៅមូលដ្ឋាននេះ សម្តេចចៅហ្វាវាំង ព្រះរាជតំណាង បានអញ្ជើញពិនិត្យការងាររបស់ក្រុមសម្តេចឪ ក្នុងកិច្ចការកសាងអគារសិក្សា ដែលជាព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់ព្រះករុណា ព្រះមហាក្សត្រ មានចំនួន ១ខ្នង ស្មើនឹង ៦បន្ទប់ ធ្វើអំពីឥដ្ឋប្រក់ក្បឿង ដើម្បីសម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស ព្រោះថានៅមូលដ្ឋាននេះ គឺជាតំបន់ឆ្ងាយដាច់ស្រយាល ខ្វះអាគារសិក្សា ហើយត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជតម្រិះដ៏ភ្លឺស្វាង ក្នុងការប្រោសព្រះរាជទានអគារសិក្សា ដែលមានឧត្តមប្រយោជន៏ដ៏ធំធេងនេះ ស្របទៅតាមសេចក្តីក្រាបបង្គំទូលថ្វាយ សូមការប្រោសព្រះរាជទាពីសំណាក់អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ និងប្រជារាស្ត្រក្នុងមូលដ្ឋាន ដើម្បីសិស្សានុសិស្ស ជាកូនចៅរបស់ព្រះអង្គមានកន្លែងចូលសិក្សារៀនសូត្រ ប្រកបដោយភាពសមរម្យក្នុងការទទួលយកចំណេះដឹងផ្សេងៗមកបម្រើប្រទេសជាតិ។

ចំពោះការកសាងអាគារសិក្សា ព្រះរាជអំណោយដ៏ឧត្តុងឧត្តម១ខ្នងនេះ ក៏ទទួលបានជោគជ័យគួរជាទីមោទនផងដែរ ក្នុងនោះក្រុមសម្តេចឪបានចាប់ផ្តើមដំណើរការសាងសង់តាំងពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ទទួលបានលទ្ធផលលើការងាររៀបជញ្ជាំងបានហើយរួចរាល់ និងកំពុងដំណើរការចាក់ធ្នឹមផ្នែកខាងលើ ដើម្បីឡើងដំបូលគិតជាភាគរយសម្រេចបានប្រមាណ ៤០ ភាគរយហើយ។

ព្រះរាជកិច្ចស្ថាបនាព្រះរាជសមិទ្ធផលជាអាគារសិក្សា ព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គឺជាព្រះរាជកិច្ចដ៏វិសេសវិសាលមួយ ដែលព្រះអង្គបានគោរពប្រណិប័តយ៉ាងខ្ជាប់ខ្ជួនឧត្តុងឧត្តមបំផុត ដង្ហែតាមព្រះរាជគម្រូវីរភាពដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះវររាជបិតាអប់រំសិក្សាធិការជាតិ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានប្រោសព្រះរាជទាននៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសព្រះអង្គបានប្រោសព្រះរាជទានដល់ប្រជារាស្រ្តនៅក្នុងមូលដ្ឋានទាំងឡាយណា ដែលជួបការលំបាកខ្វះខាត អគារសិក្សា ដើម្បីទុកធ្វើជាថ្នាលបណ្តុះចំណេះដឹងដល់កុលបុត្រកុលធីតាខ្មែរ ដែលជាទំពាំងស្នងឫស្សីសម្រាប់បន្តវេន ធានារ៉ាប់រងចំពោះជោគវាសនា អនាគតរបស់ប្រទេសជាតិ។

ក្នុងឱកាសចុះបំពេញការងារដ៏វិសេសវិសាលនេះ សម្តេចចៅហ្វាវាំង ព្រះរាជតំណាង បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងជាងសំណង់ ដោយបានជម្រាបជូនអំពីព្រះរាជបណ្តាំសាកសួរសុខទុក្ខ និងព្រះរាជហឫទ័យនឹករលឹកដ៏ជ្រាលជ្រៅពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជូនកូនចៅ ចៅទួតរបស់ព្រះអង្គរស់នៅក្នុងមូលដ្ឋាននេះទាំងមូល។
ក្នុងឱកាសនោះដែរ សម្តេចចៅហ្វាវាំង ជាស្ថាបត្យករដ៏ឆ្នើមមួយរូបរបស់ជាតិបានជូនជាមតិណែនាំអំពីលក្ខណៈបច្ចេកទេសក្នុងការសាងសង់ សំដៅធ្វើឲ្យអគារសិក្សាព្រះរាជអំណោយដ៏ឧត្តុងឧត្តមមួយកន្លែងនេះ មានកិច្ចដំណើរការយ៉ាងឆាប់រហ័ស ប្រកបដោយសោភណភាព និងមានគុណភាពជាប់រឹងមាំយូរអង្វែង។

ការប្រោសព្រះរាជទាននូវអគារសិក្សា ព្រមទាំងព្រះរាជសមិទ្ធផល ព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅសាលាបឋមសិក្សាឧបសម្ពន្ធព្រះខែ ស្ថិតនៅភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានធ្វើឱ្យលោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរ ដែនដី និងប្រជារាស្ត្រ ជាកូនចៅនៅក្នុងមូលដ្ឋាន មានសេចក្តីត្រេកអរដោយឥតឧបមា និងបានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុតថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមថ្វាយព្រះពរព្រះអង្គបានសមប្រកបតែនឹងសិរីសួស្តី ជ័យមង្គល ព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខមាលភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាមហាម្លប់ដ៏ត្រជាក់សុខសាន្ត ចម្រើនរុងរឿងដល់ព្រះរាជាណាចក្រកម្ពុជា និងជនរួមជាតិជាកូនចៅរបស់ព្រះអង្គជារៀងរហូតតទៅ៕