សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញប្រគល់ផែនទីឋានលេខាខ្នាត ១/២៥០០០ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធចំនួន៣៥ យកទៅប្រើប្រាស់


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំពិធីប្រគល់ផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥០០០ ជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធចំនួន៣៥ ដើម្បីយកទៅប្រើប្រាស់។

ពិធីប្រគល់នេះ បានធ្វើឡើងនៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន រួមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន។

បើតាមលោកជំទាវ កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានបញ្ជាក់ ឱ្យដឹងថា ក្រសួង ស្ថាប័ន និងអង្គភាព ចំនួន៣៥ នឹងទទួលបានផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥០០០ ដើម្បីយកទៅប្រើប្រាស់។ លោកជំទាវបន្តថា ផែនទីនេះ ជាការបង្ហាញនូវសមិទ្ធផលនៃការបោះបង្គោលព្រំដែន រវាងកម្ពុជា-វៀតណាម ដែលសម្រេចបាន៨៤ភាគរយ។

ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥០០០ ត្រូវបានកម្ពុជា- វៀតណាម រៀបចំពិធីពិធីប្រគល់និងទទួល កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ វៀតណាម ដែលគណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម វ៉ា គឹមហុង និងគណៈប្រតិភូវៀតណាមដឹកនាំដោយ ឯកឧត្តម ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី នៃក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀតណាម។

ការរៀបចំប្រគល់ទទួលផែនទីនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម បានចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរដែលសម្រេចបានចំនួន ៨៤ភាគរយ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ៕