ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្នុងស្រុកទឹកឈូ


នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្នុងស្រុកទឹកឈូ សរុបចំនួន៣៩នាក់ ដើម្បីផ្សព្វផ្សាយពីតួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា និងឈ្វេងយល់អំពីបញ្ហាប្រឈម ព្រមទាំងសំណូមពររបស់អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ សង្កាត់ ដោយផ្តោតលើ៖ ១-ស្វែងយល់ការអនុវត្តវិធានការណ៍ បង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ២-ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ (ការផ្តល់បណ្ណសមធម៌ជូនគ្រួសារក្រីក្រក្នុងដំណាក់កាលប្រឈមនឹងជំងឺកូវីដ-១៩) ៣-ការងារអត្រានុកូលដ្ឋាន ៤-ការងារអភិវឌ្ឍន៍មូលដ្ឋាន និង៥-ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព៕