ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាផ្តល់អនុសាសន៍៨ចំណុចដល់មន្ត្រីក្រោមឱវាទក្នុងពិធីជួបសំណេះសំណាលនៅខេត្តសៀមរាប


ថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំធំរបស់រដ្ឋបាលខេត្តសៀមរាបមានពិធីសំណេះសំណាល សួរសុខទុក្ខមន្ត្រីរាជការបម្រើការងារ នៅមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោស្រី យូ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងព្រះធម្មកវិវង្ស នង មាណវោ ព្រះមេគណគណៈធម្មយុត្តិកនិកាយ ព្រះធម្មសិរីអាភាករោ ជុំ គឹមឡេង ព្រះមេគណខេត្ត គណៈមហានិកាយ ដោយមានអញ្ជើញចូលរួម ឯកឧត្តម អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា នឹងលោកស្រីប្រធានមន្ទីរជំនាញ មន្រ្តីពាក់ព័ន្ធទាំងអស់។

លោកស្រី យូ សុភា អភិបាលរងខេត្ត បានធ្វើមតិស្វាគមន៍ និងបានបញ្ជាក់អំពីស្ថានភាពខេត្តរួចមក ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ក៏បានបង្ហាញពីការគាំទ្រ និង លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការ បុគ្គលិក នៃមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប ដែលបានខិតខំបំពេញការងារ និងភារកិច្ច អស់ពីកម្លាំងកាយចិត្ត ដើម្បីរួមចំណែកក្នុងការកសាងកិត្យានុភាពរបស់ខេត្តសៀមរាបឱ្យកាន់តែមានកិតិ្តយស និងកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់បន្ថែមទៀត។

ជាមួយគ្នានេះដេរ ឯកឧត្តម រដ្ឋមន្ត្រីក៏បានបានណែនាំដល់មន្ត្រីទាំងអស់ដូចខាងក្រោម ៖
-ត្រូវពិនិត្យមើលច្បាប់ លិខិតបទដ្ឋានគតិយុត្តរបស់ ក្រសួងធម្មការ និងសាសនា និងលិខិតបទដ្ឋានរបស់ក្រសួងផ្សេងៗទៀត ដែលពាក់ព័ន្ធ ដើម្បីឱ្យមានភាពច្បាស់លាស់ និងប្រសិទ្ធភាព ក្នុងការអនុវត្តការងាររបស់ខ្លួន(ក្រមព្រហ្មទណ្ឌ ជំពូក៥ ស្តីពីការប៉ះពាល់សាសនារបស់រដ្ឋ ចាប់ពីមាត្រា ៥០៨-៥១៤ ដែលចែងអំពីទោសបញ្ញត្តិ)
-ត្រូវបន្តធ្វើការបណ្តុះបណ្តាល កសាងសមត្ថភាព ធនធានមនុស្ស និងការអភិវឌ្ឍអង្គភាពរបស់ខ្លួនគ្រប់ថ្នាក់ ដើម្បីពង្រឹងរបៀបរបបការងារឲ្យកាន់តែមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
-រៀបចំកែលម្អប្រព័ន្ធរដ្ឋបាល និងហិរញ្ញវត្ថុរបស់មន្ទីរឱ្យបានសមស្រប និងមានប្រសិទ្ធភាព។
-រៀបចំឲ្យមានផែនការយុទ្ធសាស្រ្ត សម្រាប់ជាផែនការអភិវឌ្ឍរបស់មន្ទីរ ក្នុងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។
-ត្រូវមានសាមគ្គីភាពផ្ទៃក្នុង នៅក្នុងមន្ទីរទាំងមូល បំពេញការងារដោយគោរពតាមឋានានុក្រម។
-ត្រូវមានទំនាក់ទំនង និងសហការល្អជាមួយមេគណ អនុគណ មេដឹកនាំសាសនាផ្សេងៗគ្រប់ឋានានុក្រម និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរមូលដ្ឋាន ថ្នាក់-ក្រោមជាតិ ដែលមានឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ជាប្រមុខ។
-ត្រូវផ្តល់របាយការណ៍ប្រចាំខែ ត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ រួមទាំងព័ត៌មានពាក់ព័ន្ធផ្សេងៗ មកកាន់ក្រសួង ធម្មការ និងសាសនា ឲ្យបានទៀងទាត់ និងទាន់ពេលវេលា ដើម្បីក្រសួងធ្វើការបូកសរុប និងធ្វើរបាយការណ៍ជូនប្រមុខ រាជរដ្ឋាភិបាលកម្ពុជា
-ប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាបាល គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ក្នុងការអនុវត្តការងារប្រចាំថ្ងៃ។

ជាមួយគ្នានេះ ឯកឧត្តមបានណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះរលកទីពីរនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់ ហើយនៅតាមបណ្ដាលប្រទេសជាច្រើន នៅលើពិភពលោកកំពុងតែជួបផលប៉ះពាល់នៃការមកដល់នៃរលកទីពីរនេះនិងស្នើសុំឯកឧត្ដមប្រធានក្រុមប្រឹក្សា ឯកឧត្ដមអភិបាលខេត្ត សូមបន្តសហការជាមួយនឹងមន្ទីរធម្មការ និងសាសនាខេត្ត ចុះធ្វើការអប់រំ ណែនាំ ពិនិត្យ និងតាមដានការអនុវត្តវិធានការការពារនានា នៅតាមគ្រប់វត្តអារាម វិហារ កន្លែងថ្វាយបង្គំបែបសាសនានានា ដើម្បីធានាឱ្យបាននូវសុខុមាលភាពរបស់សាសនិក ជាពិសេសគឺជៀសឱ្យបានពីការឆ្លងចូលក្នុងសហគមន៍ផងដែល៕