លោកជំទាវ ព្រំ សុភី អញ្ជើញជាអធិបតីបើកកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន


នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងបរិស្ថាន មានបើកកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងអភិវឌ្ឍន៍ទេសចរណ៍តំបន់កោះយ៉ និងកោះនូ ដែលមានទីតាំងភូមិសាស្រ្ត ភូមិនាងកុក ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង របស់ក្រុមហ៊ុន SHORELINE (CAMBODIA) INVESTMENT CO., LTD. នៅលើផ្ទៃដីទំហំ ៥០៥,២០ហិកតា ដែលត្រូវបានសិក្សា និងវាយតម្លៃដោយ ក្រុមហ៊ុនទីប្រឹក្សា RCBCC CO., LTD. ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពរបស់ លោកជំទាវ ព្រំ សុភី អនុរដ្ឋ លេខាធិការ នៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន ដែលជាសមាជិក ស.វ.ហ.ស្ថ. តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សាលាខេត្តកោះកុង មន្ទីរបរិស្ថានខេត្តកោះកុង នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន ជាលេខាធិការដ្ឋាន ស.វ.ហ.ស្ថ. តំណាងក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា។
គោលបំណងនៃកិច្ចប្រជុំអន្តរក្រសួងនេះបានពិនិត្យ និងពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួនដូចជា៖ (១).ការបែងចែកផ្ទៃដីប្រើប្រាស់ក្នុងតំបន់គម្រោង (២). ការរក្សាទុកតំបន់បៃតងយ៉ាងតិច ៦០ភាគរយ (៣). ការគ្រប់គ្រងសំណល់រឹង និងសំណល់រាវ ព្រមទាំងការបំពាក់អាងប្រព្រឹត្តកម្មសំណល់រាវ (៤). តម្រូវការថាមពល និងការប្រើប្រាស់ទឹករបស់គម្រោង (៥).យន្តការដោះស្រាយផ្ទៃដីពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ (៦). ផែនការគ្រប់គ្រងបរិស្ថាន និងកម្មវិធីអង្កេតតាមដានបរិស្ថាន និង (៧). ការត្រួតពិនិត្យទៅលើកម្មវិធីប្រើប្រាស់ថវិកាមូលនិធិបរិស្ថាន និងសង្គម ដើម្បីអភិរក្សព្រៃកោងកាង និងជីវៈចម្រុះក្នុងទឹក និងការអភិវឌ្ឍមូលដ្ឋាន។