ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ជំរុញគ្រប់សាលាត្រូវមានឧបករណ៍ សម្រាប់វាស់កំដៅ សាប៊ូអាល់កុល ឬក៏ជែលសម្លាប់មេរោគ និងត្រូវរក្សាគម្លាតសង្គម


ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោកជំទាវ រស់ សុផានី បានថ្លែងថា ថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាអង្គការដៃគូ ឲ្យយកចិត្តទុក្ខដាក់លើកកម្ពស់ពង្រឹងវិធានការការពារខ្លួន និងបន្តផ្សព្វផ្សាយ ឲ្យបានផុសផុលអំពីជំងឺកូវីដ-១៩ ដែលកំពុងបង្កការគំរាមកំហែង យ៉ាងខ្លាំងដល់ពិភពលោកក៏ដូចជាប្រទេសកម្ពុជា ដែលបានអនុវត្តនិងផ្សព្វផ្សាយសេចក្ដីណែនាំលេខ១០ លេខ១១ និង១២ របស់ក្រសួងអប់រំ យុវជន និងកីឡា និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។

ការថ្លែងបែបនេះបានធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេស ចម្រុះវិស័យអប់រំថ្នាក់ប្រចាំត្រីមាសទី៣ ដែលធ្វើឡើងក្រោយអធិបតីភាពលោកជំទាវ រស់ សុផានី អភិបាលរងខេត្តតំណាង ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់លោក ឈូ ប៊ុនរឿង ប្រធានមន្ទីអប់រំ អ្នកពាក់ព័ន្ធ អង្គការដៃគូប្រធានការិយាល័យក្រុង-ទាំង៩ផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះលោកជំទាវ រស់ សុផានី បានលើកឡើងទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយបង្កើតធនធានមនុស្សប្រកបដោយគុណភាព គុណធម៌ ពោលគឺ ជាមនុស្សពោរពេញទៅដោយចំណេះដឹង មានជំនាញច្បាស់លាស់ មានឥរិយាបថល្អ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសឲ្យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកជំទាវបានបញ្ជាក់ថា នៅក្នុងដំណាក់កាលដែលក្រសួងអនុញ្ញាតដាក់ឲ្យដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋទូទាំងប្រទេស ដំណាក់កាលទី២ ថ្នាក់ដឹកនាំគណៈគ្រប់គ្រងសាលានីមួយៗ ត្រូវមានការត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដូចជា៖ ឧបករណ៍សម្រាប់វាស់កំដៅ សាប៊ូ អាល់កុល ឬក៏ជែលសម្លាប់មេរោគ និងត្រូវមានម៉ាសសម្រាប់ការពារផងដែរ។

យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអបរំបានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ ទូទាំងប្រទេស អាចបើកដំណើរការបង្រៀនសិស្សថ្នាក់ទី៩ និងទី១២ឡើងវិញ ទូទាំងប្រទេសចាប់ពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ដែលជាតំណាក់កាលទី២ រហូតដល់បញ្ចប់កម្មវិធីសិក្សាត្រឹម ចុងខែវិច្ឆិកា ឆ្នាំ២០២០ ដោយមិនមានឈប់សម្រាកវិស្សមកាលធំ។

ជាមួយគ្នានោះដែរក្រសួងអប់រំ ក៏បានកំណត់យកសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កំណត់យកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ ដោយឡែកសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នឹងត្រូវបានកំណត់យកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០៕