មជ្ឈមណ្ឌលពាណិជ្ជកម្មធំមួយនៅក្រុងព្រះសីហនុ សម្ភោធឲ្យដំណើរការលក់ដូរជាផ្លូវការ, អភិបាលខេត្ត៖ ជាសក្ខីភាពដែលបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នក វិនិយោគទុនមកលើរាជរដ្ឋាភិបាល


ផ្សារទើបបានកសាងថ្មីមួយកន្លែង មានយីហោ «មជ្ឈមណ្ឌលពាណិជ្ជកម្មតារាសំណាង» មានទីតាំងជាប់ផ្លូវជាតិលេខ៤ ទល់មុខរោងចក្រស្រាបៀរអង្គរក្នុងភូមិសាស្ត្រភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ត្រូវបានសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ក្រោមវត្តមានអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន។

ទីតាំងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មនេះពីមុន គឺជាឃ្លាំស្រូវនិងឃ្លាំងអំបិលគ្រប់គ្រងដោយក្រសួងពាណិជ្ជកម្ម ត្រូវបានក្រុមហ៊ុនជួលដីពីក្រសួងពាណិជ្ជកម្ម ដើម្បីវិនិយោគធ្វើជាតូប និងស្តង់ឲ្យអាជីវករលោកលក់ដូរផលិតផលជាច្រើនប្រភេទ។

ឯកឧត្តម គួច ចំរើន បានសំដែងការអបអរសាទរចំពោះក្រុមហ៊ុន ដែលបានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ។ តាមរយៈនេះនឹងផ្ដល់ឱកាសបន្ថែមទៀតឲ្យប្រជាពលរដ្ឋជាអាជីវករ នៅក្នុងក្រុងព្រះសីហនុ បានប្រកបរបរអាជីវកម្មលក់ដូរទំនិញផ្សេងៗ ដើម្បីរកប្រាក់ចំណូលសម្រាប់លើកកម្ពស់ជីវភាពរបស់ពួកគាត់អោយកាន់តែប្រសើរ។

ឯកឧត្តមបន្តថា «នេះគឺជាសក្ខីភាពដែលបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការបង្កើតមជ្ឈ មណ្ឌលពាណិជ្ជកម្មថី្មនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ»។ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើអោយអ្នកគ្រប់គ្រងមជ្ឍមណ្ឌលពាណិជ្ជកម្មនេះ ត្រូវយកចិត្តទុកដាក់លើការងារ សណ្តាប់ធ្នាប់សន្តិសុខ សុវត្ថិភាព អនាម័យ បរិស្ថាន ជាពិសេស គឺត្រូវយកចិត្តទុកដាក់លើការការពារសុវត្ថិភាពពីជំងឺកូវីត-១៩ ដល់អាជីវករ និងបងប្អូនប្រជាពលរដ្ឋដែលបានមកទិញទំនិញ ក្នុងទីតាំងរបស់ខ្លួនអោយបានត្រឹមត្រូវ។

លោក មុំ តារា តំណាងក្រុមហ៊ុន តារា ស៊ីណា ប្រូឃ័រ បានឲ្យដឹងថា មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ បានសាងសង់ឡើងក្នុង រយៈពេល១២ខែ លើផ្ទៃដី ១២.៨៨៦ម៉ែត្រក្រឡា មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ដោយចំណាយថវិកាសរុបចំនួន ១.៥៣២.៨០០ ដុល្លារ។

ផ្សារទំនើបនេះមានតូប និងស្តង់សរុបចំនួន៤០៨ មានចំណតរថយន្តចំនួន ២កន្លែង អាចចតរថយន្តបាន៩០គ្រឿង ចំណតទោចក្រយានយន្ត អាចចតបានចំនួន ៣០០គ្រឿង មានទីតាំងបន្ទប់ទឹកចំនួន២កន្លែង សរុប ៤៤បន្ទប់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀត៕