មន្ត្រីជាន់ខ្ពស់ CPP៖ CPP ចាត់ទុកប្រជាពលរដ្ឋ ជាស្នូលនៃការអភិវឌ្ឍ «ហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ»


ឯកឧត្តម សូ សូច័ន្ទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំក្រោលគោ ស្រុកស្វាយជ្រំ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ចាត់ទុកប្រជាពលរដ្ឋ ជាស្នូលនៃការអភិវឌ្ឍ «ហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ» មិនឃោសនាបោកបញ្ឆោតដូចគណបក្សខ្លះ ដែលធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាសមាជិកបក្សរបស់ខ្លួនរងគ្រោះនោះទេ ហើយគេចខ្លួនទៅសោយសុខនៅឯបរទេស។

ការថ្លែងបែបនេះ ធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ក្នុងពិធីប្រកាសបញ្ចូល ជាសមាជិកពេញសិទ្ធិ គណបក្សប្រជាជនកម្ពុជា ចំនួន២០៧នាក់ ស្រី១១០នាក់ និងអតីតអ្នកគាំទ្រគណបក្សផ្សេងៗ ចំនួន៧៤នាក់ រស់នៅឃុំក្រោលគោនៅសាលប្រជុំ គណបក្សប្រជាជនឃុំក្រោលគោ ស្រុកស្វាយជ្រំ។

ពិធីនេះមានការចូលរួមពីលោក ឈាង សុវណ្ណរតនា មេបញ្ជាការរងកងអន្តរាគមន៍ពិសេស២៤៦, លោក ហ៉ឹម កុសល អនុប្រធានក្រុមការងារចុះជួយឃុំ, លោក ភោគ វណ្ណថន មេឃុំក្រោលគោ ព្រមទាំងអស់លោក លោកស្រី ជាសមាជិកសមាជិការគណបក្សឃុំជាច្រើនរូបផងដែរ។

ឯកឧត្តម សូ សូច័ន្ទ ក៏បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអតីតសមាជិកថ្មី គណបក្សទាំងអស់ ដែលបានភ្ញាក់រលឹកមករួមរស់ ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាវិញ និងបានធ្វើពិធីប្រកាសបញ្ចូលនៅពេលនេះ។

ឯកឧត្តមបន្តថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស តែងបើកទូលាយស្វាគមន៍ ចំពោះសមាជិកគណបក្សផ្សេងៗ ដែលមានបំណងចង់មករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជាវិញ ដោយមិនប្រកាន់ទោសអូសដំណើរនោះទេ ព្រោះអ្នកទាំងនោះ គឺជាជនរងគ្រោះ ដែលចាញ់បោកការ ឃោសនាភូតកុហករបស់មេដឹកនាំខ្យល់។

ឯកឧត្តមថា កត្តាដែលធ្វើឲ្យពលរដ្ឋមានជំនឿជឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា គឺដោយសារគណបក្ស និងរាជរដ្ឋាភិបាលកម្ពុជា មានកម្មវិធីនយោបាយត្រឹមត្រូវ គឺបានអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យ និងបានរំដោះប្រជាពលរដ្ឋ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកនូវសន្តិភាពក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យ ពលរដ្ឋមានការងារធ្វើមានប្រាក់ចំណូលសមរម្យ បង្កើនជីវភាពគ្រួសារបានធូធារមួយកម្រិត។

ឯកឧត្តមបានថ្លែងផ្តាំផ្ញើដល់សមាជិក សមាជិកា និងក្រុមការងារចុះមូលដ្ឋាន ត្រូវខិតខំធ្វើអំពើល្អជាមួយពលរដ្ឋត្រូវ និងស្មោះត្រង់គាំទ្រគណបក្សប្រជាជនកម្ពុជា តែមួយគត់ ព្រមទាំងត្រូវតែបោះឆ្នោត ឲ្យគណបក្សប្រជាជន ហើយចៀសវាងកុំធ្វើអំពើណាដែលផ្ទុយច្បាប់។ មួយវិញទៀត ត្រូវកសាងបក្សអប់រំសមាជិកថ្មី ជួយឲ្យមានសមាជិកបានកាន់តែច្រើនបន្ថែមទៀត សម្រាប់អាណត្តិនេះ និងអាណត្តិបោះឆ្នោតក្រោយៗទៀត។

ឥឡូវរាជរដ្ឋាភិបាល បានធ្វើការកំណែទម្រង់ស៉ីជម្រៅ ចំណុចល្អពង្រឹកបន្ថែមបន្តទៀត រីឯចំណុចខ្វះខាតត្រូវកែលម្អឡើងវិញ និងគាំទ្រសមាជិកថ្មី ដែលចាកចេញ ពីគណបក្សផ្សេង មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងបន្តចុះមូលដ្ឋានឲ្យបានច្រើន ចិញ្ចឹមចលនានៅមូលដ្ឋាន ហើយត្រូវមានការសាមគ្គីភាពគ្នា បម្រើពលរដ្ឋឲ្យបានល្អលើសលប់ ស្រុះស្រួលគ្នាជួយគណបក្ស ដើម្បីទទួលបានការគាំទ្រកាន់តែច្រើនជាបន្តបន្ទាប់ទៀត។

ឯកឧត្តមក៏បានជំរុញដល់ប្រជាពលរដ្ឋ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈម ររបស់សកលលោកទាំងមូល ដែលយើងទាំងអស់គ្នា ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដូចជាការធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល។

នាឱកាសនោះ លោក ឈាង សុវណ្ណរតនា មេបញ្ជាការរងកងអន្តរាគមន៍ពិសេស ២៤៦ បានឧបត្ថម្ភអាកុលចំនួន២៥កាន ម៉ាស់៣០ប្រអប់ ភេសជ្ជ២៥កេស ដល់លោកប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំក្រោលគោផងដែរ៕