សាខាកាកបាទក្រហមខេត្តកណ្ដាល នាំយកអំណោយជូនពលរដ្ឋចំនួន១៤៥គ្រួសារ ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល


ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមខេត្ត បាននាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋចំនួន ១៤៥គ្រួសារ ដែលមានជីវិភាពខ្វះខាត ចាស់ជរា បាត់បង់សមត្ថភាពការងារ ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល នៅថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងបរិវេណវត្តព្រះវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។

ក្នុងពិធីនេះដែរមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះពុទ្ធឃោសាចារ្យ ស ប៊ុនណា ព្រះបាឡាត់គណខេត្តកណ្តាល និងជាព្រះអនុគណក្រុងតាខ្មៅ ព្រះតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះឧត្តមមុនី ជា សំអាង សម្តេចព្រះមេគណ ខេត្តកណ្តាល ព្រះមន្ត្រីសង្ឃស្រុកតាមឋានានុក្រម ព្រះគ្រូចៅអធិការវត្តទាំង៤១ ក្នុងស្រុកខ្សាច់កណ្តាល លោកស្នងការរង លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំស្រុក មន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកយាយ លោកតា និងប្រជាពលរដ្ឋសរុបប្រមាណ២៥០អង្គ នាក់។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ នឹករលឹកពីសំណាក់សម្តេចទាំងទ្វេរ សូមជម្រុញ និងលើកទឹកចិត្តដល់ ព្រះសង្ឃ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ថែរក្សា សុខភាព អនាម័យ ខ្លួនប្រាណចៀសផុតពីជំងឺដំកាត់ផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ដែលជាបិសាចលាក់មុខដ៏កាចសាហាវគ្មានថ្នាំព្យាបាល ក៏ប៉ុន្តែយើងអាចការពារ កុំឱ្យវាឆ្លងពីមនុស្សម្នាក់ ទៅមនុស្សទៀតបាន គឺយើងទាំងអស់គ្នាត្រូវគោរព និងអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវពាក់ម៉ាសនៅពេលចេញក្រៅ ឧស្សាហ៍លាងដៃ និងទឹកសាប៊ូ ឬជែល រក្សាគម្លាតសុវត្ថិភាព យ៉ាងហោច ១ម៉ែត្រ ទៅ១.៥០ម៉ែត្រ។

សូមរំលឹកជម្រាបជូនផងដែរថា នេះជាលើកទី៥ហើយ ក្នុងឆ្នាំនេះ ដែលគណៈសង្ឃវត្តព្រះវិហារសួគ៌ បានរៀបចំនូវអំណោយដើម្បីចែកជូនញាតិញោមប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ហើយសម្រាប់សម្ភារជាគ្រឿងឧបភោគបរិភោគ ដែលបានរៀបចំនេះគឺព្រះសង្ឃទទួលបានពីពុទ្ធបរិស័ទជិតឆ្ងាយដែលមានសទ្ធាជ្រះថ្លានាំយកមកប្រគេនដល់ព្រះសង្ឃ ហើយគណៈសង្ឃវត្ត បានចាត់ចែងនូវសម្ភារៈមួយចំនួនដើម្បីចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតទាំង១៤៥ គ្រួសារក្នុងឱកាសនេះតែម្តង។

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទាំង១៤៥ គ្រួសារដែលអញ្ជើញចូលរួមក្នុងពិធីនេះមាន៖

* ភូមិស្វាយមាស ចំនួន ៤៥ គ្រួសារ
* ភូមិតាកែវ១ ចំនួន ០៥ គ្រួសារ
* ភូមិតាកែវ២ ចំនួន ៣៥ គ្រួសារ
* ភូមិព្រៃធំ ចំនួន ១៦ គ្រួសារ
* ភូមិវិហារសួគ៌ត្បូង ចំនួន ២៨ គ្រួសារ
* ភូមិវិហារសួគ៌ជើង ចំនួន ១៦ គ្រួសារ។

ចំពោះអំណោយមនុស្សធម៌ដែលគ្រួសារនីមួយៗ ទទួលបានក្នុងឱកាសនេះ គឺក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា៥ម៉ឺនរៀល៕