ថ្ងៃអាទិត្យ ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោកជំទាវ ព្រមទាំងសហការី បានអញ្ជើញ មកពិនិត្យ សកម្មភាពផលិតកម្មបន្លែរបស់សហគមន៍ កសិកម្មសំរោងមានជ័យ ដែលពិធីនេះបាន រៀបចំធ្វើនៅក្នុងកសិដ្ឋានបន្លែរបស់លោក ឈាវ ហុង នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម។
ជាកិច្ចចាប់ផ្តើម លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអានរបាយការណ៍ស្តីពីសហគមន៍កសិកម្មដែលបានធ្វើការចុះបញ្ជីនៅមន្ទីរកសិកម្មខេត្តសៀមរាប និងបណ្តុំអាជីវកម្មកសិកម្ម ដែលគាំទ្រដោយកម្មវិធី ASPIRE នៅខេត្តសៀមរាប ។
បន្ទាបពីសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរ ឯកឧត្តមរដ្ឋមន្ត្រី បានអនុញ្ញាតិ ជូន លោកឈាវ ហុង ម្ចាស់កសិកដ្ឋាន និងជាសមាជិកក្នុងសហគមន៍ កសិកម្មសំរោង មានជ័យ នៅឃុំសំរោង ស្រុកសូទ្រនិគម រៀបរាប់ពីប្រវត្តិនៃការប្រកាន់ យកអាជីពដាំបន្លែ ជីគ្រប់មុខ ផលិតស្រូវពូជ ចិញ្ចឹមមាន់ បណ្តុះផ្សិតនិងចិញ្ចឹមត្រីជាបន្តបន្ទាប់។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត និងជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់ៗ ក្រុមគ្រួសារនៅក្នុងខេត្តសៀមរាប និងសូមថ្លែង អំណរគុណដល់ថ្នាក់ដឹកនាំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដែលបានរៀបចំកម្មវិធីនេះ និងសូមធ្វើការកោតសសើរដល់កិច្ច ខិតខំប្រឹងប្រែងរបស់ម្ចាស់កសិដ្ឋានទទួលបានជោគជ័យទាំងបន្លែ ចិញ្ចឹមមាន់ ចិញ្ចឹមត្រី និងការចែករំលែកបទពិសោធន៍។ល។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនសមាជិកសហគមន៍ថា សមិទ្ធផលទាំងអស់នេះ គឺកើតចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយ:ក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ អ្នកអនុវត្តគម្រោង រួមផ្សំជាមួយការយកចិត្តទុកដាក់អនុវត្តបច្ចេកទេសបានត្រឹមត្រូវ និងការប្រកបរបរធ្វើស្រែចំការ ចិញ្ចឹមសត្វ ត្រី និងដាំដំណាំតាមលទ្ធភាពរៀងៗ ខ្លួនដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ។
ស្ថិតក្នុងស្ថានភាពនៃជំងឺឆ្លងកូវីដ-១៩ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឲ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងបន្ថែមទៀតលើការងារបង្កបង្កើនផល ធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព លើកកំពស់សមត្ថភាពកែច្នៃវេចខ្ចប់ ដើម្បីធ្វើការប្រកួតប្រជែង ឆ្លើយតបតាម សេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ កំណើនចំណូលគ្រួសារ និងកាត់ បន្ថយភាពក្រីក្រ ជាពិសេសកាត់បន្ថយការនាំចូល។
ម៉្យាងវិញទៀតការដាំដំណាំ ការធ្វើវារីវប្បកម្ម និងការចិញ្ចឹមសត្វបានផលហើយ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរជួយធ្វេីការបណ្តុះបណ្តាលបច្ចេកទេសបន្ថែមលើការអនុវត្តតាមការធ្វើកសិកម្មល្អ (GAP) ការអនុវត្តផលិត កម្មកសិកម្មតាមកិច្ចសន្យា ធ្វើយ៉ាងណាបង្កើនការជឿទុកចិត្តពីអតិថិជន តាមរយ:គុណ ភាព សុវត្ថិភាពនៃផលិតផល និងបង្កើនតម្លៃបន្ថែម ហើយក៏គួរពង្រឹងបច្ចេកទេសវេចខ្ចប់ និងផ្តល់ស្លាកសញ្ញាសម្គាល់ច្បាស់លាស់ចៀសវាងការបន្លំគុណភាព។
ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីក៏បានចែកកូនកង្កែប ពូជបន្លែ ចំណី និងថវិកាមួយ ចំនួនជូនដល់សមាជិកសហគមន៍ផងដែរ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះមកពិនិត្យ សកម្មភាពផលិតកម្មបន្លែរបស់សហគមន៍ កសិកម្ម នៅស្រុកសូទ្រនិគម
