ក្រសួងសុខាភិបាល គ្រោងនឹងសាងសង់មណ្ឌលចត្ដាឡីស័កចំនួន៤អគារធំៗ នៅពេលឆាប់ខាងមុខនេះ


រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្ដិ បានថ្លែងឱ្យដឹងថា បច្ចុប្បន្ននេះក្រសួងបាននឹងកំពុងសហការជាមួយសាលាធានីភ្នំពេញ គ្រោងនឹងសាងសង់អគារសម្រាប់ធ្វើចត្ដាឡីស័កចំនួន៤អគារ ក្នុងទំហំដីប្រហែល១ហិចតា ដែលស្ថិតក្នុងតំបន់មួយនៃរាជធានីភ្នំពេញ នាពេលដ៏ឆាប់ខាងមុខនេះ។

ការថ្លែងបែបនេះរបស់ លោកជំទាវ យក់ សម្បត្ដិ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មការអន្ដរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ នាទីស្ដីការក្រសួងសុខាភិបាល។

លោកជំទាវ យក់ សម្បត្ដិ បានថ្លែងបន្ដថា «អគារដែលនឹងត្រូវសាងសង់ឡើងក្នុងពេលនេះដ៏ឆាប់ខាងមុខនេះ នឹងអាចទទួលបានអ្នកចត្ដាឡីស័ក ៨០០-៩០០នាក់ ដែលមានទាំងបន្ទប់សម្រាប់ព្យាបាលជំងឺបឋមផងដែរ បើសិនមានអាការៈមិនស្រួលភ្លាមៗជាមួយគ្រូពេទ្យឯកទេសនៅទីនោះ»។

បច្ចុប្បន្នអ្នកដំណើរពីក្រៅប្រទេស ត្រលប់ចូលមកកម្ពុជា គឺមានមណ្ឌលចត្ដាឡីស័កចំនួន៥ សម្រាប់សម្រាករង់ចាំទទួលលទ្ធផលតេស្ដកូវីដ១៩ ដែលមាននៅវិទ្យាល័យហ៊ុនសែន ជម្ពូវ័ន ដែលត្រូវប្រគល់ជូនក្រសួងអប់រំវិញ ពេលបើកដំណើរការសិក្សាខាងមុខនេះ, វិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង, នៅកងទ័ពអាកាស, សាលាគរុកោសល្យ ភ្នំពេញថ្មី និងអនុវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ពោធិ៍ចិនតុង ។

លោកជំទាវរដ្ឋលេខាធិការបានបញ្ជាក់ទៀតថា «ដូច្នេះ អគារមណ្ឌលចតា្ដឡីស័កចំនួន៤ ដែលនឹងត្រូវសាងសង់ និងរួចរាល់ក្នុងពេលដ៏ឆាប់ៗនេះដែរ នឹងយកជាទីតាំងរួមតែម្ដង ទុកសម្រាប់ចត្ដាឡីស័កពលរដ្ឋកម្ពុជាយើង ដែលបានធ្វើដំណើរពីក្រៅប្រទេសត្រលប់ចូលមកស្រុកវិញ»

លោកជំទាវរី យក់ សម្បត្ដិ បានថ្លែងបន្ដថា គិតចាប់តាំងពីកម្ពុជា អនុញ្ញាតឱ្យជនបរទេសមកពីប្រទេសចំនួន៦ ដែលហាមចូលកន្លងមក អាចចូលមកកាន់ប្រទេសកម្ពុជាធម្មតាវិញ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ អ្នកដំណើរសរុបជាង ៤ម៉ឺននាក់ និងមានករណីវិជ្ជមានកូវីដ១៩ ចំនួន ១៤៦នាក់។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួនសរុប ២៧៤នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៦៦នាក់ (ស្រី៥៤នាក់ និងបុរស ២១២នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ចំនួន០៨នាក់៕