ទូតអាម៉េរិកសន្យាជម្រុញប្រយោជន៍ចំពោះកម្ពុជា


HS meet US 29 01 16 2 copy

     ឯក​អគ្គ​រដ្ឋ​ទូត​អាម៉េរិក ​លោក​ William Heidt បាន​ចូល​ជួប​សម្តែង​ការ​គួរ​សម​ចំពោះ​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី ហ៊ុន ​សែន និង​បាន​សន្យា​ថា ​នឹង​ធ្វើ​​អ្វី​ដែល​បាន​លើក​ ឡើង​រវាង​សម្តេច​ជាមួយ​នឹង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​ នា​ពេល​ថ្មីៗ​កន្លង​មក​នេះ នឹង​ក្លាយ​ជា​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំង​២ ​។

     ជំនួប​រវាង​សម្តេច​ និង​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាម៉េរិក​ លោក John Kerry នា​ពេល​ថ្មីៗ​នេះ គឺ​រួម​មាន​សំណើរ​បស់​សម្តេច​ទៅ​រដ្ឋាភិបាល​អាមេរិក ​ដើម្បី​បើក​ទី​ផ្សារ​សម្រាប់​ផលិត​ផល​កម្ពុជា ​អោយ​បាន​ទូលំ​ទូលាយ​សម្រាប់​ប្រជា​ពលរដ្ឋ និង​ពាណិជ្ជករ​ខ្មែរ ឱ្យ​កាន់​តែ​ងាយ​ស្រួល​នាំ​ចេញ​​នូវផលិត​ផល​ពី​កម្ពុជា ​ចេញ​ទៅ​ទី​ផ្សារ​អាមេរិក ​។ ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក លោក ​William Heidt បាន​ជំរាប​សម្តេច​អំពី​ជំនួយ​របស់​អាម៉េរិក ​ចំពោះ​កម្ពុជា​ ដូច​ជា​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​… ការ​ផ្តល់​សម្ភារៈ​សម្រាប់​ការ​ទប់​ស្កាត់​គ្រោះ​មហន្តរាយ​ជា​ដើម ​។

     លោក​ William Heidt គឺ​ជា​អតីត​មន្ត្រី​បម្រើការងារ​ទូត ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ទសវត្ស​ ១៩៩០​។ លោក​បាន​ថ្លែង​ថា ​លោក​ភ្ញាក់​ផ្អើល​នឹង​ការ​រីក​ចម្រើន​របស់​កម្ពុជា​ បើ​ប្រៀប​ធៀប​ពី​អតីត​កាល​ដែល​លោក​បាន​ធ្លាប់​ឃើញ​កន្លង​មក​នេះ​។ លោក​បាន​ថ្លែង​ និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​ការ​រីក​ចំរើន​របស់​កម្ពុជា ​ទាំង​វិស័យ​សេដ្ឋកិច្ច​… អប់រំ​… ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​… ជា​ពិសេស​ការ​រីក​ចម្រើន​នៃ​ជីវ​ភាព​រស់​នៅ របស់​ប្រជាជន​កម្ពុជា​ ។

     សម្តេច​តេជោ​សែន បាន​មាន​ប្រសាសន៍​ស្វាគមន៍​ និង​អបអរ​សាទរ​ចំពោះ​ លោក​ William Heidt ដែល​បាន​តែង​តាំង​ជា​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​សហ​រដ្ឋ​​អាម៉េរិក និង​បាន​អរគុណ​ចំពោះ​ លោក ​វីលៀម ដែល​បាន​វាយ​តម្លៃ​ចំពោះ ផល​វិជ្ជ​មាន​នៃ​ការ​រីក​ចម្រើន​របស់​កម្ពុជា​នា​ពេល​នេះ​ផង​ដែរ​ ។

     នៅ​ថ្ងៃ​នេះ​ សម្តេច​តេជោ​សែន បាន​អនុញ្ញាត​ឱ្យឯក​អគ្គ​រដ្ឋ​ទូត​គុយ​បា ​ប្រចាំ​កម្ពុជា លោក ​ហ៊ីដាល់​ហ្គោ ហ្កាតូ ប៉េរ៉េ​…និង​ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ឯកឧត្តម George Edgar ចូល​ជួប​សម្តែង​ការ​គួរ​សម​ផង​ដែរ​ ។