អភិបាលខេត្តកំពត ផ្តល់អំពូលភ្លើង ដើម្បីបំពាក់បំភ្លឺផ្លូវ ដល់ក្រុងស្រុកទាំង៨ ខណៈខេត្តកំពតមានភ្ញៀវទេសចរឆ្លងកាត់កើនឡើង


ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានផ្តល់អំពូលភ្លើង ដើម្បីបំពាក់បំភ្លឺផ្លូវ ដល់ក្រុងស្រុកទាំង៨ ខណៈខេត្តកំពតមានភ្ញៀវទេសចរ ឆ្លងកាត់មានការកើនឡើង។

ការផ្ដល់អំពូលភ្លើងនេះ ធ្វើឡើងនៅសាលាខេត្តកំពតនាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការចូលរួមប្រគល់-ទទួល ពីសំណាក់ លោក-លោកស្រី អភិបាលក្រុង ស្រុកទាំង៨។

ឯកឧត្តមអភិបាលខេត្ត ជាវ តាយ បានបញ្ជាក់ថា ការផ្តល់អំពូលដល់ក្រុងនិងស្រុកទាំង៨ នាពេលនេះ គឺដើម្បីជួយសម្រួល ក្នុងការបំភ្លឺផ្លូវដល់រដ្ឋបាលក្រុង ស្រុកក្នុងមួយក្រុងស្រុក ទទួលបាន១០អំពូល សម្រាប់យកទៅប្រើប្រាស់រៀបចំដាក់បំភ្លឺទីសារណៈ និងស្ពានផ្លូវមួយចំនួន ដើម្បីបម្រើផលប្រយោជន៍ជូនដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាននិសហគមន៍។

ជាពិសេសដោយខេត្តកំពត ជាខេត្តគោលដៅទេសចរណ៍ផងនោះ ដូច្នេះហើយទើបឯកឧត្តម បានគិតគូរ និងផ្តល់ជូនក្រុងស្រុក យកទៅប្រើប្រាស់នាពេលនេះ ស្របតាមការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ក្រោមម្លប់សន្តិភាព ពេញផ្ទៃប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕