ឯកឧត្តម រដ្ឋមន្ដ្រីកសិកម្មបន្តនាំយកកូនត្រី កូនកង្កែប និងសម្ភារចិញ្ចឹមចែកជូនកសិករចំនួន៤៣គ្រួសារ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ


(ត្បូងឃ្មុំ)៖ ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ បាននាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយចំនួនទៀត មកចែកជូនកសិករចំនួន ៤៣គ្រួសារ នៅភូមិជីធាង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត ប្រធានក្រុម ប្រឹក្សាស្រុក អភិបាលស្រុក ភូមិ បងប្អូនប្រជាពលរដ្ឋមួយចំនួនទៀតផងដែរ។

លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរាយការណ៍ជូនអង្គពិធីជ្រាប ដោយសង្ខេបអំពីវិស័យវារីវប្បកម្ម ផលិតកម្មសត្វ និងដំណាំរួមផ្សំ នៅទូទាំងខេត្តថា៖ ដើមឆ្នាំ២០២០ មានកសិករសរុប ១,៨២៩គ្រួសារ ចិញ្ចឹមត្រី និងកង្កែប ក្នុងបែរស្រះ និងតង់ប្លាស្ទិក ក្នុងនោះ មាន៥៩៧គ្រួសារ ទទួលបានជំនួយឧបត្ថម្ភ គាំទ្រដោយគម្រោង។

ដោយឡែក កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE បានជួយផ្តល់ពូជ និងចំណីដល់សមាជិកបណ្តុំ អាជីវកម្មចិញ្ចឹមត្រី កង្កែបក្នុងស្រះ ក្នុងបែរបាន១៤បណ្តុំ មាន៤៧៣គ្រួសារ។

ព្រមជាមួយគ្នានេះ គម្រោងកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប និងគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងអភិវឌ្ឍន៍សេដ្ឋកិច្ចជំហាន ២ បានបង្វែរខ្ទង់ចំណាយពីសកម្មភាព មិនបន្ទាន់មួយចំនួនមកអន្តរាគមន៍ ជួយជនងាយរងគ្រោះពីជំងឺកូវីដ-១៩ តាមរយៈការចិញ្ចឹមត្រី និងកង្កែបក្នុងអាងតង់ប្លាស្ទិក បានចំនួន៤៤គ្រួសារ។

ចំពោះការចិញ្ចឹមសត្វ៦ខែដើម ឆ្នាំខេត្តមានកសិដ្ឋានចិញ្ចឹមសត្វចំនួន ៨០កន្លែង (គោ៣ ជ្រូក១៨ និងមាន់៥៨កន្លែង)។ ដំណាំ រួមផ្សំ ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មអនុវត្ត បាន ៦១,៨៨៥ហិកតា ប្រមូលផលបាន ៤,៨១០ហិកតា។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជូនពរបងប្អូន ប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យជួបតែពុទ្ធពរទាំង ៤ប្រការ។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានជម្រាបជូនអង្គពិធីថា តាមការណែនាំរបស់សម្តេចតេជោ បានណែនាំ និងជំរុញឲ្យប្រជាពលរដ្ឋ និងជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខិតខំបង្កើនចលនាអភិវឌ្ឍវិស័យកសិកម្មឲ្យកាន់តែសកម្មថែមទៀត។

ក្នុងនោះ ក៏មានអនុវិស័យវារីវប្បកម្ម ដើម្បីបង្កើន និងពង្រឹងភាពម្ចាស់ការក្នុងការផលិត ធានាសន្តិសុខស្បៀង ការផ្គត់ផ្គង់ទីផ្សារ ការបង្កើតឱកាសការងារ តាមរយៈ ការចិញ្ចឹមត្រី-កង្កែប ជាលក្ខណគ្រួសារ ក្នុងក្របខណ្ឌបច្ចេកទេសសមស្របសាមញ្ញ ដោយប្រើប្រាស់រយៈពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលច្រើន រក្សាបាននូវស្ថានភាពជីវភាពប្រក្រតី តាមគន្លងថ្មីក្នុងអំឡុង ពេលនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។

ភ្ជាប់ទៅនឹងការជំនួយឧបត្ថម្ភកូនត្រី-កូនកង្កែបនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បញ្ជាក់ថា ជំនួយនេះ គឺជាចំណែកមួយក្នុងការចូលរួមធានាសន្តិសុខស្បៀង ប៉ុន្តែដើម្បីធានាបាននូវការផ្គត់ផ្គង់ជីវភាពឲ្យបានគ្រប់គ្រាន់ អ្នកទទួលជំនួយត្រូវយកចិត្តទុកដាក់ចិញ្ចឹម មើល ថែរក្សាឲ្យបានចំរុងចំរើន ក្រៅពីនេះ ក៏គួរពិនិត្យលើ ការងារផ្សេងទៀត ដូចជាចិញ្ចឹមមាន់ ធ្វើស្រែ ដាំបន្លែ និងឈើហូបផ្លែ (ក្នុងត្រពាំងមានត្រី លើដីមានបន្លែ ក្នុងស្រែមានស្រូវ) ទើបធានាបាននូវសន្តិសុខស្បៀង ក្នុងគ្រួសារ។

ករណីនេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានណែនាំឲ្យមន្ទីរ និងមន្រ្តីជំនាញ ត្រូវចុះមកជួយជំរុញការចិញ្ចឹមត្រី និងកង្កែប ដាំបន្លែ ចិញ្ចឹមសត្វបន្ថែមទៀត ធ្វើយ៉ាងណា បង្កើនផលិតភាពផលិតកម្មស្បៀង តាមរយៈការបង្កើនសមត្ថភាពផលិត ប្រែក្លាយវិបត្តិទៅជាឱកាសមាសដើម្បីពង្រីក និងពង្រឹងសមត្ថភាពចិញ្ចឹមគ្រួសារ តាមគ្រប់រូបភាព។

ក្នុងនាមឯកឧត្តមជាប្រធានក្រុមការងារ ឯកឧត្តមបានណែនាំអាជ្ញាធរស្រុក ឃុំ ភូមិ ត្រូវចុះជាប់មូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើការពិនិត្យតាមដាន និងរួមគ្នាដោះស្រាយបញ្ហាទាក់ទង ការងារបង្កបង្កើនផល ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

សម្រាប់ថ្ងៃនេះ ៤៣គ្រួសារ កសិករចិញ្ចឹមត្រីអណ្តែង ១៩គ្រួសារ គ្រួសារនីមួយៗទទួលបានកូនត្រី ៧០០ ក្បាល ចំណី១០០គីឡូក្រាម និងតង់១ កសិករចិញ្ចឹមកង្កែប ២៤គ្រួសារ គ្រួសារនីមួយៗទទួលបានកូនកង្កែប ៤០០ក្បាល ចំណី ១០០គីឡូក្រាម និងតង់១ និងថ្នាំវីតាម៉ីន ៣កញ្ចប់។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី វេង សាខុន បានជួយដោះស្រាយសំណើមួយចំនួន ដូចជាសំលៀកបំពាក់ប្រជាការពារ ទូកម៉ាស៊ីនមួយគ្រឿង ធ្វើផ្លូវលំ និងដំបូលសាលាបុណ្យ៕