ឯកឧត្តម អភិបាលខេត្តកំពង់ចាម ណែនាំឱ្យរដ្ឋបាលក្រុងស្រុក អនុវត្តវិធានការការពាទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ក្រោយក្រសួងអប់រំបើកឲ្យសិស្សចូលរៀននៅខែកញ្ញានេះ


(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំឲ្យរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ អនុវត្តវិធានការទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី១៩ រលកទី២ ក្រោយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបើកឲ្យដំណើរការសិស្សចូលរៀនវិញនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២០ខាងមុខនេះ ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងណែនាំដូច្នេះនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងពេលប្រារព្ធបើកសិក្ខា សាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ (២០២១-២០២៣) របស់រដ្ឋបាលស្រុក-ក្រុង នៅសាលាស្រុកកងមាស ខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា នាថ្ងៃទី៧ ខែកញ្ញាខាងមុខនេះ ក្រសួងអប់រំ បានបើកដំណើរការឡើងវិញនូវគ្រឹះស្ថានមធ្យមសិក្សាក្នុងដំណាក់កាលទី២ ដូច្នេះលោកអភិបាលខេត្ត សូមស្នើឱ្យរដ្ឋបាលក្រុង-ស្រុក សហការជាមួយមន្ទីរអប់រំខេត្ត និងមន្ទីរសុខាភិបាលខេត្ត ដើម្បីពង្រឹងការអនុវត្តស្តង់ដារសម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ១៩ ដែលត្រូវអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលចៀសវាងឲ្យបាន នៃការឆ្លងនៃជំងឺនេះក្នុងរលកទី២ ដើម្បីសុវត្ថិភាពសាលារៀន និងសហគមន៍។

ស្ថិតក្នុងឱកាសប្រកាសបិទសិក្ខាសាលានេះ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានលើកឡើងថា សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ (២០២១-២០២៣) គឺជាវេទិកាសម្របសម្រួល ការអភិវឌ្ឍន៍ ហើយក៏ជាឱកាសដ៏មានសារៈសំខាន់ ដែលយើងទាំងអស់គ្នាបានធ្វើការជជែកចរចា ដើម្បីលើកស្ទួយឲ្យកាន់តែប្រសើរឡើង រៀបចំដំណើរការអភិវឌ្ឍរបស់យើងអោយចំគោលដៅ ឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្ត បានសំដែងការសាទរ ដែលសិក្ខាសាលានេះ ពិភាក្សាគ្នាទទួលបានលទ្ធផលល្អប្រសើរ ដោយមានសកម្មភាពមមាញឹក និងមានការចូលរួមជាច្រើនពីដៃគូពាក់ព័ន្ធ។ ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណដល់លោកមេឃុំ គណៈកម្មការកសាងផែនការ ដែលបានខិតខំកសាងផែនការ និងតម្រូវការជាអទិភាព របស់ប្រជាពលរដ្ឋ រៀបចំជាកម្មវិធីវិនិយោគរបស់ឃុំ ហើយជ្រើសរើសបាននូវគម្រោងអាទិភាព យកមកពិភាក្សាក្នុងសិក្ខាសាលាសមាហរណកម្ម នាពេលនេះ ទទួលបាននូវការគាំទ្រ ពីមន្ទីរជំនាញ អង្គការជាតិ និងភ្នាក់ងារអភិវឌ្ឍន៍ផងដែរ ដែលសកម្មភាពទាំងនេះបានឆ្លុះបញ្ចាំង ពីសមត្ថភាពទទួលខុសត្រូវ របស់ឃុំ-សង្កាត់ ក្នុងការគ្រប់គ្រង ចាប់ចែងដឹកនាំ នៃការធ្វើសេចក្តីសម្រេចចិត្ត ក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនដោយមានការចូលរួម ពីប្រជាជន និងអ្នកពាក់ព័ន្ធ៕