សម្តេច ហេង សំរិន៖ រដូវភ្ជុំបិណ្ឌ សូមបងប្អូនប្រកាន់ភ្ជាប់ការការពារឆ្លងជំងឺកូវីដ១៩


(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ប្រកាន់ភ្ជាប់ ការនូវការពារខ្លួនកុំឆ្លងជំងឺកូវីដ១៩ នៅរដូវបុណ្យភ្ជុំបិណ្ឌ។

នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ សម្តេចប្រធានសភា បានសរសេតាមបណ្តាញសង្គម Facebook ថាចាប់ពីថ្ងៃ១រោច ខែភទ្របទស្អែកនេះ រហូតដល់ថៃ្ងទី១៥រោច ក្នុងរយៈពេល១៥ថៃ្ង ជាឱកាសពុទ្ធបរិស័ទ ប្រារព្ធពិធី បុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យធំប្រចំាឆ្នាំ តាមបែបព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ បុព្វការីជន មានឪពុកម្តាយ ជីដូនជីតា បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកឋានទៅកាន់បរមលោក។

សម្តេចបញ្ជាក់ថា៖ ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ បងប្អួនជនរួមជាតិ រីករាយ ជ្រះថ្លាក្នុងការ ធ្វើបុណ្យទាននៅតាមគ្រប់វត្តអារាមនៅទូទំាងប្រទេស។ តែសូមមានការប្រុងប្រយ័ត្នជាប់ជានិច្ច នូវវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមបងប្អូន កូនក្មួយទំាងអស់ កុំធ្វេសប្រហែសការពារខ្លួនពី ការឆ្លង ជំងឺកូវីដ១៩នេះ។ យើងអាចនឹងភ្លេចកូវីដ១៩ តែជំងឺនេះ មិនដែលភ្លេចយើងនោះទេ។

ជាមួយគ្នានោះដែរ សម្តេច ហេង សំរិន ក៏សូមឱ្យប្រជាពលរដ្ឋទំាងអស់ការពារខ្លួនជាប់ជានិច្ច កុំឲ្យជំងឺនេះឆ្លងមកលើខ្លួន គ្រួសារ និងសហគមន៍។ ម្យ៉ាងវិញទៀត សូមមានការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើររតាមដងផ្លូវ ចូលរូមគោរពច្បាប់ចរាចរណ៍ មានការយោគយល់ អធ្យាស្រ័យឲ្យគ្នាទៅវិញ ទៅនៅក្នុងការធ្វើដំណើរ។ សូមជនរួមជាតិ ប្រកបដោយសេចក្តីសុខ សុភមង្គល គ្រប់ក្រុមគ្រួសារ៕