សម្តេចពិជ័យសេនា ទៀ បាញ់៖ វត្តមាននយោបាយឈ្នះឈ្នះ បានបង្រួបបង្រួមខ្មែរ ដែលបែកខ្ញែកគ្នា ឱ្យក្លាយជា កម្លាំងជាតិតែមួយ


(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា វត្តមានរបស់នយោបាយឈ្នះ-ឈ្នះ និងការតស៊ូគ្រប់បែបយ៉ាងរបស់ រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានផ្តល់លទ្ធភាពឱ្យកម្ពុជាធ្វើការបង្រួបបង្រួមកម្លាំងដែលបែកខ្ញែក ឱ្យក្លាយជាកម្លាំងជាតិតែមួយ ទទួលបាន ការឯកភាពជាតិពេញលេញ ដែលជាកត្តាយ៉ាងសំខាន់បំផុត ក្នុងដំណើរការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍជូន សង្គមជាតិ។

តាមរយៈទំព័រ Facebook ផ្លូវការនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទម្រាំមានថ្ងៃនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញ និងពុះពារគ្រប់ឧបសគ្គដើម្បីអនុវត្តនូវនយោបាយឈ្នះ-ឈ្នះ។

«វត្តមានរបស់នយោបាយ ឈ្នះ-ឈ្នះ និងការតស៊ូគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានផ្តល់លទ្ធភាពឱ្យកម្ពុជាធ្វើការបង្រួបបង្រួមកម្លាំងដែលបែកខ្ញែកឱ្យក្លាយជាកម្លាំងជាតិតែមួយ ទទួលបានការឯកភាពជាតិពេញលេញ ដែលជាកត្តាយ៉ាងសំខាន់បំផុត ក្នុងដំណើរការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍជូនសង្គមជាតិ»។

ការបញ្ចប់សង្រ្គាមដោយនយោបាយឈ្នះ-ឈ្នះ គឺជាទស្សនវិជ្ជាសនិ្តភាព និងមានការប្តេជ្ញាចិត្តខាងនយោបាយដ៏មុតមាំរបស់ សម្តេចតេជោ ហ៊ុន សែន។ ការបញ្ចប់សង្គ្រាម មិនមែនជាអព្ភូតហេតុ ឬជាការស្រមៃដោយចៃដន្យនោះទេ ដូចនេះទើប នៅក្នុងដំណើរការអនុវត្តការបញ្ចប់សង្គ្រាម ទាមទារនូវការដឹកនាំដែលប្រកបដោយទេពកោសល្យខ្ពស់ និងមានលក្ខណៈវិទ្យាសាស្ត្ររួមជាមួយគ្នា ព្រោះព្រឹតិ្តការណ៍មានការប្រែប្រួលយ៉ាងគំហុកបំផុត។

គេអាចនិយាយបានថា នយោបាយឈ្នះ-ឈ្នះ នៅកម្ពុជាមានន័យយ៉ាងទូលំទូលាយ ពោលគឺគ្របដណ្តប់លើគ្រប់វិស័យនៃសង្គមជាតិទាំងមូល។ ដូច្នេះនយោបាយឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលនឹងនាំមកនូវការធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចិរភាព។

ចំពោះនិយមន័យនយោបាយឈ្នះ-ឈ្នះ ដែលជាយុទ្ធសាស្រ្តសម្រាប់បញ្ចប់សង្គ្រាមផ្ទៃក្នុង និងស្វែងរកសន្តិភាពនៅកម្ពុជា មានខ្លឹម និងគោលការណ៍នយោបាយឈ្នះ-ឈ្នះ៖ គឺការដាក់ចេញនូវគោលការណ៍គន្លឹះសម្រាប់ធានាសុវតិ្ថភាពបីយ៉ាង៖

* ការធានានូវសុវតិ្ថភាពខាងផ្នែកសន្តិសុខផ្ទាល់ខ្លួនរបស់បុគ្គល និងគ្រួសារដែលស្ម័គ្រចិត្តបញ្ចប់សង្គ្រាម និងការប្រយុទ្ធ ហើយវិលត្រឡប់មករួមរស់នៅក្នុងចរន្តគោលនៃសង្គមជាតិវិញ។
* ការធានានូវសុវតិ្ថភាពខាងផ្នែកអាជីព ដោយផ្តល់ជូនអ្នកទាំងនោះនូវលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តមុខរបរ និងការរកស៊ីចិញ្ចឹមជីវិត ដែលគេធ្លាប់មានកន្លងមក
* ការធានានូវសុវតិ្ថភាពខាងផ្នែកកម្មសិទិ្ធដែលគេធ្លាប់មាន និងកាន់កាប់ក្នុងរយៈពេលកន្លងមក ដោយគ្មានការដកហូត ឬរុះរើ៕