ក្រសួងទេសចរណ៍ ណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ៧ចំណុច ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ


ដើម្បីចូលរួមលើកកម្ពស់សេវាទេសចរណ៍ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍បានដាក់ចេញសារាចណែនាំចំនួន៧ចំណុច ដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

បើតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ បានណែនាំដូចខាងក្រោម៖

ទី១៖ ត្រូវជំរុញការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការទាំងឡាយ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ជាពិសេសការកត់ត្រាភ្ញៀវទេសចរដែលចូលរទៅកម្សាន្តតាមគោលដៅទេសចរណ៍នានា ការរៀបចំឱ្យមានការត្រួតពិនិត្យកំដៅ ទឹកអាល់កុលសម្លាប់មេរោគ និងតម្រូវឱ្យភ្ញៀវទេសចរប្រើប្រាស់ម៉ាស ឬក្រមាឱ្យបានជាប់ជាប្រចាំ។

ទី២៖ ត្រូវសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ធ្វើការធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍ និងទីចំណតជូនភ្ញៀវទេសចរឱ្យបានល្អប្រសើរ។

ទី៣៖ ត្រូវសហការជាមួយក្រសួងបរិស្ថាន មន្ទីរសុខាភិបាល និងផ្នែកពាក់ព័ន្ធនានា ដើម្បីអប់រំណែនាំម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ និងភ្ញៀវទេសចរឱ្យបានចូលរួមថែរក្សាបរិស្ថាន អនាម័យ ដោយលុបបំបាត់ការបោះសំរាម និងកាកសំណល់ផ្តេសផ្តាស ជាពិសេសបញ្ឈប់ការបោះចោលក្រដាសក្រោមតុ និងត្រូវចាត់វិធានតាមគ្រប់រូបភាព ដើម្បីធានាអនាម័យក្នុងភោជនីដ្ឋាន រួមទាំងបន្ទប់ទឹក បង្គន់អនាម័យ ហើយបុគ្គលិកបម្រើការត្រូវមានឯកសណ្ឋានបានត្រឹមត្រូវ។

ទី៤៖ ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ និងរក្សាតម្លៃផលិតផល និងសេវាឱ្យបានសមរម្យ។ រាល់តម្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវសរសេរឱ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីជម្រាបជូនភ្ញៀវឱ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ទី៥៖ ត្រូវធ្វើការណែនាំម្ចាស់ទូកដ និងកាណូតទេសចរណ៍ ដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរកាត់សមុទ្រ ទន្លេ ស្ទឹង និងបឹង មិនឱ្យផ្ទុកលើសចំណុះ និងត្រូវបំពាក់នូវសម្ភារសង្គ្រោះចាំបាច់នានា។

ទី៦៖ ត្រូវសហការជាមួយសាលារាជ ខេត្ត និងប្រព័ន្ធផ្សព្វផ្សាយ ដូចជាសារព័ត៌មាន វិទ្យុ និងទូរទស្សន៍ផ្សព្វផ្សាយស្ប៉តអំពីវិធានសុវត្ថិភាពទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ព្រមជាមួយស្ប៉តទេសចរណ៍ និងការចូលរួមប្រលងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ»

និងទី៧៖ ត្រូវសហការចុះតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីធ្វើការបញ្ជ្រាបការយល់ដឹងជាសាធារណៈ ដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ អំពីហានិភ័យ និងវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ព្រមជាមួយការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ឱ្យបានល្អប្រសើរ៕

ខាងក្រោមនេះ ជាសារាចរណែនាំរបស់ក្រសួងទេសចរណ៍៖