ក្រសួងអប់រំ ប្រគល់ថវិកា៥០លានរៀល ជូនដល់អង្គភាពបញ្ជាការដ្ឋានទ័ពពិសេស ដើម្បីរួមចំណែកក្នុងការកសាងសមិទ្ធិផលនានា នៅក្នុងទីបញ្ជាការដ្ឋាន


ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីប្រគល់ថវិកាចំនួន៥០លានរៀល ជូនដល់អង្គភាពបញ្ជាការដ្ឋានទ័ពពិសេស ដើម្បីជាការរួមចំណែកក្នុងការកសាងសមិទ្ធផលនានា នៅក្នុងទីបញ្ជាការដ្ឋានទ័ពពិសេស។ ពិធីប្រគល់នេះបានធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា។

ការចូលរួមចំណែករបស់ក្រសួងអប់រំ ជាការគោរព និងអនុវត្តយ៉ាងម៉ឹងម៉ាត់ អនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយយោងតាមសេចក្តីសម្រេចលេខពិសេស របស់រាជរដ្ឋាភិបាល ស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាងស្ថាប័នស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។ ក្រសួងអប់រំ យុវជន និងកីឡា និងបញ្ជាការដ្ឋានទ័ពពិសេស ជាអង្គភាពសម្ព័ន្ធមេត្រីភាព។ អង្គភាពសម្ព័ន្ធមេត្រីភាពទាំងបី បានដំណើរការ និងកិច្ចសហប្រតិបត្តិការឈរលើស្មារតីទទួលខុសត្រូវខ្ពស់រួមចំណែកក្នុងការកសាងអភិវឌ្ឍន៍អង្គភាព បានទទួលនូវភាពរីកចម្រើនលើគ្រប់វិស័យ។

លោកឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេសបានធ្វើសេចក្តីរាយការណ៍ស្តីពីការងាររួមរបស់អង្គភាព និងកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានទ័ពពិសេស និងក្រសួងអប់រំយុវជននិងកីឡាពីចាប់ផ្តើម រហូតដល់ពេលបច្ចុប្បន្ន និងថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ របស់ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ដែលគ្រប់ពេលវេលា តែងតែយកចិត្តទុកដាក់រួមសុខរួមទុក្ខនិងជំរុញដល់កិច្ចកសាងលើគ្រប់វិស័យរបស់បញ្ជាការដ្ឋានទ័ពពិសេស។

នាឱកាសនោះដែរ បណ្ឌិតសភាចារ្យ ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា មានប្រសាសន៍ថា ភារកិច្ចការពារជាតិការពារបូរណភាពទឹកដីជាកតព្វកិច្ចរបស់យើងទាំងអស់គ្នា ដូចនេះប្រជាជនកម្ពុជាទាំងអស់ត្រូវតែទទួលរ៉ាប់រងកិច្ចការនេះទោះមិនដោយផ្ទាល់ក៍ដោយ ត្រូវឈរលើស្មារតីសាមគ្គីភាពជាធ្លុងមួយ រួមចំណែកជាមួយកងយោធពលខេមរភូមិន្ទ ស្របតាមពាក្យស្លោក កងទ័ពនិងប្រជាជន គឺតែមួយ។ ទិសដៅបន្តទៅខាងមុខក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តគិតគូររួមចំណែកដល់ការកសាងនិងអភិវឌ្ឍរបស់ បញ្ជាការដ្ឋានទ័ពពិសេសថែមទៀត៕