សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឲ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាមចូលជួបសម្តែងការគួរសម


នាព្រឹក ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង០៩:០០នាទីនេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា ។
វត្តមានរបស់ ឯកឧត្តម និងគណៈប្រតិភូពេលនេះនឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា សំដៅលើក កម្ពស់ទំនាក់ទំនង មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទំាងពីរ កម្ពុជា-វៀតណាម ដែលមានជាយូរលង់មកហើយឲ្យកាន់តែរឹងមាំខ្លាំងក្លាទ្វេដងឡើងថែមទៀត។
ឆ្នាំនេះ ជាខួបលើកទី ៥០ឆ្នាំ នៃទំនាក់ទំនងការទូត រវាងប្រទេសយើងទំាងពីរ។ វឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទំាងពីរ មានការរីកចម្រើន យ៉ាងខ្លាំង។ បើទោះបីមានការវិវឌ្ឍន៍ប្រែប្រួល នៃភូមិសាស្រ្តនយោបាយ ទំាងក្នុងតំបន់ និងសកលលោក យ៉ាងណា ក៏ទំនាក់ទំនង មិត្តភាព សាមគ្គីភាពជាប្រពៃណី ក្នុងភាពជាអ្នកភូមិផងល្អ និងកិច្ចសហប្រតិបត្តិការ ស្អិតរមួតរវាងប្រទេសយើងទំាងពីរ កម្ពុជា-វៀតណាម កាន់តែរឹងមាំទ្វេដង។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី វៀតណាម ក៏បានសង្កាត់ធ្ងន់ផងដែរ ធ្វើយ៉ាងណា អោយទំនាក់ទំនង សេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ បានល្អ ដូចទំនាក់ទំនងនយោបាយដែរ។ កន្លងមកថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសន្យាជំរុញ ពាណិជ្ជកម្មទ្វេរភាគីអោយដល់ ៥ពាន់លានដុល្លារ។