ឯកឧត្តម វេង សាខុន អនុញ្ញាតឲ្យ នាយក United Industrial Development Organization (UNIDO) ប្រចាំតំបន់ដែលមានការិយាល័យនៅទីក្រុងបាងកក ដើម្បីពិភាក្សា


កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យ លោក Stein R.HANSEN ជានាយកនិងជាតំណាង United Industrial Development Organization (UNIDO) ប្រចាំតំបន់ដែលមានការិយាល័យនៅទីក្រុងបាងកកនិងគណៈប្រតិភូ ចូលជួបដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យជលផលនិងកសិ-ឧស្សាហកម្ម នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក Stein R.HANSEN បានសំណូមពរឲ្យមានការបន្តការសហការនិងការគាំទ្ររវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងUNIDO ដើម្បីចូលរួមអភិវឌ្ឍសង្គមកម្ពុជាតាមរយៈការផ្តល់ជូននូវការគាំទ្រផ្នែកបច្ចេកទេសដល់ប្រជាជនកម្ពុជា ឲ្យទទួលបាននូវឱកាសការងារ ការកែលម្អកម្រិតជីវភាព និងការការពារបរិស្ថាន។ ជាមួយគ្នានេះដែរ UNIDO ក៏បានផ្តល់ជាយោបល់ផងដែរថាគួរតែជំរុញឲ្យមានការបង្កើតអាជីវកម្មថ្មីសម្រាប់ក្រុម សហគ្រិនវ័យក្មេង(Business Startup) ក្នុងវិស័យជលផលនិងកសិ-ឧស្សាហកម្ម។ ស្របពេលគ្នានេះដែរ UNIDO ក៏បានចូលរួមចាប់អារម្មណ៍ចង់ឲ្យកម្ពុជាប្រើប្រាស់ឲ្យអស់លទ្ធភាពនូវធនធានធម្មជាតិដែលមានស្រាប់ដូចជា ផលិតផលអាហារមួយ អាចនៅសល់កាកសំណល់យកទៅប្រើប្រាស់ជា Biogas បម្រើឲ្យសេវាសាធារណៈបាន។
ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក Stein R.HANSEN និងគណៈប្រតិភូ ហើយឯកឧត្តមរដ្ឋមន្រ្តី ក៏មានភាពសាទរផងដែរ ដែល UNIDO នឹងបន្តគាំទ្រដល់ការអភិវឌ្ឍន៍នៅកម្ពុជានិងនៅតែបន្តជាដៃគូល្អរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្ថែមផងដែរថា បើនៅតែមានការបន្តគាំទ្រពី UNIDO កម្ពុជានឹងបោះជំហាននៃការរីកចម្រើនទៅមុខបន្ថែមទៀត ជាពិសេសទៅលើវិស័យជលផលនិងកសិ-ឧស្សាហកម្ម។ លើសពីនេះឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា UNIDO គួរស្វែងរកដៃគូវិនិយោគលើវិស័យកសិ-ឧស្សាហកម្មដើម្បីឲ្យមានការកែច្នៃផលិតផលកសិកម្មសម្រាប់ការនាំចេញដែលជាការងារចាំបាច់ក្នុងការបង្កើនគុណតម្លៃបន្ថែមនៃផលិតផលក៏ដូចជាបង្កើនចំណូលនិងឱកាសការងារឲ្យដល់ប្រជាជនកម្ពុជាផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឲ្យ UNIDO ជួយផ្តល់នូវចំណេះដឹងដែលជាបច្ចេកវិទ្យាថ្មីៗនិងផ្តល់ការសហការជាមួយសាកលវិទ្យាល័យដែលបណ្តុះបណ្តាលលើវិស័យកសិកម្មនៅកម្ពុជា ហើយសាកលវិទ្យាល័យទាំងនេះនឹងផ្ទេរបន្តនូវចំណេះដឹងនិងបច្ចេកវិទ្យាទៅដល់និស្សិតកម្ពុជាដែលជាធនធានមនុស្សចាំបាច់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។