នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្រើនរំលឹកអាជ្ញាធរ ព្រះសង្ឃ និងជាពលរដ្ឋត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារជំងឺកូវីដ-១៩


នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ តាមរយៈនៃការចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី ៤ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីព្រះពុទ្ធសាសនាខ្មែរ បានសម្ដែងនូវក្តីសប្បាយរីករាយ ដោយឃើញព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទដែលអញ្ជើញមកធ្វើបុណ្យបានអនុវត្តយ៉ាងត្រឹមត្រូវអំពីវិធានការពារ និងទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍នៃជំងឺឆ្លងកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវ និងក្រើនរំលឹកដល់អាជ្ញាធរដែនដី ព្រះសង្ឃ នឹងប្រជាពលរដ្ឋដែលបានអញ្ជើញមកចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះ ត្រូវបន្តចូលរួមការពារ និងទប់ស្កាត់ឱ្យខាងតែបាននូវជំងឺឆ្លងកូវីដ-១៩ កុំឲ្យមានឆ្លងមកក្នុងសហគមន៍យើងជាលើកទីពីរ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ការលើកឡើងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងលោកស្រី ខៀវ បុប្ផាផល រួមជាមួយថ្នាក់ដឹកនាំ នាយ ពលទាហាន ក្នុងអគ្គបញ្ជាការ និងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តឈើទាលទងត្រា មកពីគ្រប់ទិសទី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ ចំនួន៩វត្ត រួមមាន៖ វត្តឈើទាលទងត្រា, វត្តបារាយណ៍, វត្តកំពង់ស្លែង, វត្តព្រៃផ្អាវ, វត្តអង្កសមាធិ, វត្តតុំ, វត្តធន់មន្ត, វត្តសូរ្យចាន់ និងវត្តខ្សឹង ក្នុងសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២០នេះ។

ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៃពិធីបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងលោកស្រីរួមជាមួយថ្នាក់ដឹកនាំ នាយ ពលទាហាន ក្នុងអគ្គបញ្ជាការ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពុទ្ធបរិស័ទ បានបួងសួង និងឧទ្ទិសនៅមហាកុសលផលបុណ្យដែលបានធ្វើនៅក្នុងថ្ងៃបុណ្យកាន់បិណ្ឌវេនទី៤នេះ បានដល់បុព្វការីជន មានមាតា បិតា ញាតិកាទាំងប្រាំពីរ សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ពិសេសបានឧទ្ទិសមហាកុសលផលបុណ្យនេះជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរសអ្នកស្នេហាជាតិ និងវីរយុទ្ធជន យុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ ដែលបានបូជាជីវិតលះបង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក សូមឱ្យមហាកុសលផលបុណ្យ ដែលយើងទាំងអស់គ្នាបានធ្វើនៅក្នុងថ្ងៃបុណ្យកាន់បិណ្ឌវេនទី៤នេះ បានដល់អ្នកទាំងអស់គ្រប់ៗគ្នា កុំបីអាក់ខានឡើយ។

បើតាមសង្ឃដីការបស់ព្រះចៅអធិការវត្តឈើទាលទងត្រា បានមានសង្ឃដីកាឱ្យដឹងពីប្រវត្តិខ្លះៗ នៃពិធីបុណ្យកាន់បិណ្ឌ និងពិធីភ្ជុំបិណ្ឌនេះថា បុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌនេះ បើតាមគម្ពីរធម្មបទ ក្នុងសម័យបុព្វកាល អ្នកប្រាជ្ញជំនាន់នោះ បានប្រើពាក្យថាបវរណាបច្ច័យបួនដល់ព្រះសង្ឃដែលមានព្រះពុទ្ធអង្គជាប្រធាន បានកំណត់ធ្វើពេល ៣ខែ ប៉ុន្តែចំណេរកាលក្រោយមក អ្នកប្រាជ្ញ រាជបណ្ឌិត បានប្រើពាក្យថាពិធីបុណ្យកាន់បិណ្ឌ ដោយកំណត់ធ្វើតែរយៈពេល១៤ថ្ងៃ រួមទាំងថ្ងៃបុណ្យភ្ជុំបិណ្ឌផងដែរ ព្រោះក្នុងរដូវនេះគឺជារដូវដែលមានភ្លៀងធ្លាក់ច្រើន ពិបាកដល់ភិក្ខុសង្ឃ និមន្តស្វែងរកអាហារបិណ្ឌបាត។

ក្នុងពិធីបុណ្យកាន់បិណ្ឌថ្ងៃទី៤ នៅវត្តឈើទាលទងត្រា ក្នុងសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាឆ្នាំនេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងលោកស្រី រួមជាមួយថ្នាក់ដឹកនាំនាយ ពលទាហាន ក្នុងអគ្គបញ្ជាការ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពុទ្ធបរិស័ទ បានវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា សម្រាប់វត្តទាំង៩ ដែលក្នុងមួយវត្តៗ រួមមាន៖ អង្ករ ១បាវ, ទឹកបរិសុទ្ធ ២កេស, ទឹកអូអុីឈិ ២កេស, ទឹកក្រូច ៣កេស, នំធុង ១ធុង និងក្រៅពីនោះមានតែ ស្ករស ទឹកដោះគោ កាហ្វេ និងគ្រឿងឧបភោគ បរិភោគជាច្រើនមុខទៀត។

ជាមួយនោះដែរ នាយឧត្តមសេនីយ៍ ក៏បានប្រគេនបច្ច័យកសាងដល់វត្តឈើទាលទងត្រា ចំនួន ២លានរៀល និងវត្តចំនួន ៨ទៀត ក្នុងមួយវត្តៗបច្ច័យ ៤០ម៉ឺនរៀល ប្រគេនចំពោះព្រះចៅអធិការពីរអង្គ ក្នុងមួយអង្គៗបច្ច័យ ២០ម៉ឺនរៀល ព្រះសង្ឃចូលរួមក្នុងមួយអង្គៗបច្ច័យ ១០ម៉ឺនរៀល សង្កត់វេនកាន់បិណ្ឌថ្ងៃទី៤ ថវិកា ១លានរៀល, ឧបត្ថម្ភវេនកាន់បិណ្ឌសម្រាប់ភូមិភ្ហូតថវិកា ២លានរៀល, ឧបត្ថម្ភដល់កងកម្លាំងប្រជាការពារថវិកា ៣០ម៉ឺនរៀល, កងកម្លាំងកងរាជអាវុធហត្ថ, ប៉ូលីស, កម្លាំងយោធា និងក្រុមប្រឹក្សាសង្កាត់រកាក្រៅក្នុងមួយអង្គភាពៗខាត់វិកា ២០ម៉ឺនរៀលផងដែរ៕