លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក្រើនរំឮកអាជ្ញាធរ និងប្រជាពុទ្ធបរិស័ទ រួមគ្នាគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានក្រើនរំឮកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពុទ្ធបរិស័ទ ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ការក្រើនរំឮកបែបនេះរបស់លោកជំទាវ ម៉ែន សំអន បានធ្វើឡើងក្នុងឱកាសដែលលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី៤ នៅវត្តជម្ពូព្រឹក្សាហៅ (វត្តថ្មី) ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០។

ជាមួយគ្នានេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដើម្បីធ្វើយ៉ាងណាឱ្យ ប្រជាពលរដ្ឋ រស់នៅប្រកបដោយសុខដុមរមនា។ ដោយឡែកប្រជាពលរដ្ឋ សូមចូលរួមអប់រំកូនចៅឱ្យចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ជាពិសេសត្រូវបង្កើនការបង្កបង្កើនផល ស្រូវរដូវវស្សាឱ្យបានទាន់ ពេលវេលាព្រមទាំងដាំដំណាំរួមផ្សំចិញ្ចឹមសត្វឱ្យបានច្រើនក្នុងអំឡុងពេលកូវីដ-១៩នេះផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងថា ការធ្វើបុណ្យកាន់បិណ្ឌនេះ ដើម្បីឧទ្ទិសដល់ដួងវិញានក្ខ័ន្ធរបស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជនពីរបបណានិគមចាស់ថ្មី ជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបប ប៉ុល ពត ដោយសូមឲ្យដួងវិញាណក្ខ័ន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានបួងសួងបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។

ជាមួយគ្នានេះដែរ លោកជំទាវក៏បានអំពាវនាវឱ្យប្រជាពុទ្ឋបរិស័ទទាំងអស់គ្នា ចូលរួមគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាអនាម័យឱ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជំងឺដ៏កាចសាហាវមួយនេះ៕