ប្រជាពលរដ្ឋក្រីក្រ ​មកពី៤សង្កាត់ ក្នុងក្រុងព្រះសីហនុ ទទួលបានអំណោយមនុស្សធម៌


​ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាក បាទក្រហមកម្ពុជា បាននាំយកអំណោយសប្បុរសធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ១.២២៦​គ្រួសារ​ មកពី៤សង្កាត់ក្នុងក្រុងព្រះសីហនុ  ដែលពិធីចែកអំណោយនេះបានធ្វើនៅសាលាដុនបូសស្កូ មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ នៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា​ ឆ្នាំ​២០២០។

​ឯកឧត្ដម អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ មានប្រសាសន៍ថា ដោយអនុវត្តន៍តាមការណែនាំរបស់ប្រធានគណៈកម្មាធិការសាខា អនុសាខាក្រុងយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋដោយមិនប្រកាន់វណ្ណៈ ចំពោះប្រជាពលរដ្ឋក្រីក្រនៅមូលដ្ឋាន ។ ក្នុងនោះមានប្រជាពលរដ្ឋចំនួន ១.២២៦គ្រួសារ មកពីសង្កាត់ទាំង៤ នៃក្រុងព្រះសីហនុ ក្នុងនោះប្រជាពលរដ្ឋសង្កាត់លេខ១ ចំនួន ២៨៣គ្រួសារ, សង្កាត់លេខ២ ចំនួន ១៤២គ្រួសារ, សង្កាត់លេខ៣ ចំនួន ៣៨៦គ្រួសារ, និងសង្កាត់លេខ៤ ចំនួន ៤១៥គ្រួសារ ។

ឯកឧត្ដម​ គួច​ ចំរើន​ បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រ ព្រមទាំងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋក្រីក្រនៅក្រុងព្រះសីហនុ និងសេចក្តីនឹករលឹកជូនដល់ប្រជាពលរដ្ឋទាំងអស់ និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋក្រីក្រនៅក្រុងព្រះសីហនុនាពេលនេះ។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានកោតសរសើរដល់មន្ទីរផែនការខេត្តដែលបានចុះធ្វើជំរឿន សម្ភាសន៍គ្រួសារប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន ។ ម្យ៉ាងទៀតអំណោយជាស្បៀង គ្រឿងឧបភោគបរិភោគ និងថវិកាដែលយកមកចែកជូនប្រជាពលរដ្ឋនាឱកាសនេះ ជាការចូលរួមពីអាជ្ញាធរមូលដ្ឋាន ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សាខាបានធ្វើការចែកអំណោយមនុស្សធម៌ ៤លើករួចមកហើយ សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយចែកជូនប្រជាពល រដ្ឋក្រីក្រនៅក្រុងព្រះសីហនុចំនួន១.២២៦គ្រួសារ នៅពេលនេះមិនមានការរើសអើង ប្រកាន់វណ្ណៈ ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តម ប្រធានគណ:កម្មាធិការសាខាបានបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឈ្វេងយល់ និងធ្វើការណែ នាំផ្សព្វផ្សាយទូលំទូលាយ និងដាក់ចេញនូវគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ ចែកជូនគ្រួសារក្រីក្រចាប់ពីខែមិថុនា និងកក្កដា និងបន្តចែក២ខែបន្តទៀត គឺខែសីហា និងកញ្ញា ។ ទន្ទឹមនោះឯកឧត្តម ក៏បានអំពាវនាវដល់គ្រួសារក្រីក្រពិតប្រាកដ ដែលមិនទាន់បានទទួលប័ណ្ណក្រីក្រ សូមអញ្ជើញទៅកាន់សាលាឃុំ-សង្កាត់ ដើម្បីឱ្យមន្ត្រីនៃមន្ទីរផែនការចុះពិនិត្យ និងសម្ភាសន៍ដើម្បីទទួលបានប័ណ្ណក្រីក្រ ក្នុងខណៈពេលដែលកម្ពុជារងផលប៉ះពាល់ដោយសារជំងឺ Covid-១៩ ។

ក្នុងឱកាសនោះឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានក្រើនរម្លឹកដល់ប្រជា ពលរដ្ឋក្រីក្រ ដែលទទួលបានប័ណ្ណក្រីក្រ ព្រោះប័ណ្ណនេះវាមានអត្ថប្រយោជន៍ដូចជា៖ ទី១- ពេលមានជំងឺទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យរដ្ឋដោយមិនគិតលុយ ។ ទី២-ពេលមានផ្ទៃពោះត្រូវទៅពិនិត្យផ្ទៃពោះបួនដង ក្នុងមួយដងទទួលបានថវិកា ៤ម៉ឺនរៀល ហើយនៅពេលឆ្លងទន្លេនឹងទទួលបានថវិកា ២០ម៉ឺនរៀលបន្ថែមទៀត។ ចំពោះកុមារអាយុ០ខែដល់២ឆ្នាំ ត្រូវទៅពិនិត្យសុខភាព ១០ដង ក្នុងមួយដងទទួលបានថវិកា ៤ម៉ឺនរៀល។ សរុបចាប់ពីពេលមានផ្ទៃពោះរហូតកុមារមានអាយុ ២ឆ្នាំទទួលបានថវិកាសរុប ៧៦ម៉ឺនរៀល ។ ព្រមទាំងបានក្រើនរម្លឹកឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចូលរួមអនុវត្តន៍នូវគោលការរបស់ក្រសួងសុខាភិបាល ដោយលាងសម្អាតដៃជាមួយសាប៊ូ ជែល ទឹកអាល់កុល ពង្រឹងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់ធ្វើអនាម័យជាប់ជាប្រចាំ  ។

អំណោយចែកជូនគ្រួសារប្រជាពលរដ្ឋក្រីក្រមកពី ៤សង្កាត់ ក្នុងក្រុងព្រះសីហនុ ចំនួន ១.២២៦គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន ឃីតមួយកញ្ចប់ (ភួយ១ មុង១ ក្រមា១ សារុង១) អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកា ៥ម៉ឺនរៀល ៕